អាជ្ញាធរភ្នំពេញ បង្ហាញពីលទ្ធផលនៃគម្រោងការពារទឹកជំនន់ នាពេលកន្លងមក និងគម្រោងជំហ៊ានទី៤ដែលត្រូវអនុវត្តន៏បន្ត ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក

71

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖

អភិបាលរងរាជធានីភ្នំពេញ អះអាងថា ការដាក់អោយដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលធ្វើឡើងនៅទីក្រុងតុក្យូ ប្រទេសជប៉ុននាពេលថ្មីៗនេះ គឺមានទំហំទឹកប្រាក់ ប្រមាណជា ៣០លានដុល្លារអាមេរិក ។

នៅក្នុងសន្និសីទការសែត កាលពីព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យរូបលោក និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដឹកនាំគណៈប្រត្តិភូមួយក្រុម ទៅចូលរួមនៅក្នុង ការដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ដំណាក់កាលទី៤រូចមក គឺ សម្រេចការងារពីរជាសំខាន់ គឺទី១ការដេញថ្លៃគម្រោង និងទី២ ជួបពិភាក្សា ការងារជាមួយមន្ត្រី ជាន់ខ្ពស់របស់អង្គការ JAICA ។ គម្រោងនេះ គឺជាគម្រោងដែល បន្ត ពីគម្រោងមុនៗ ប៉ុន្តែជាគម្រោង ក្នុងជំនួយឥតសំណង (Great A) យើងមិនមាន អ្វី ដែលត្រូវសងអ្វីទៅភាគី ជប៉ុន នោះ ទេ ។

លោក បានពន្យល់ ពីមូលហេតុ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដេញថ្លៃគម្រោងនេះ នៅទីក្រុងតុក្យូ ក្នុងនាមខ្លួនជាម្ចាស់គម្រោងព្រោះជាគោលនយោបាយ របស់ជប៉ុន ដែលតម្រូវឲ្យធ្វើការសហការ ជាមួយក្រុមហ៊ុន គង់ស៊្យូតង់មួយរបស់ជប៉ុន ដែលក្រុមហ៊ុននេះ គឺជាអ្នករៀបចំដំណើរការសហការ ជាមួយរាជធានីភ្នំពេញតាំងពីដើមរហូតដល់ចប់ ។ដូច្នេះអ្វីៗទាំងអស់នេះ ត្រូវធ្វើឡើងជាមួយ ជំនាញការរបស់ក្រុមហ៊ុន គង់ស្យ៊ូតង់ និងត្រូវធ្វើឡើង ក្រោមការរៀបចំ ដោយក្រុមហ៊ុន គង់ស្យ៊ូតង់ ដែលរៀបចំនៅទីក្រុងតុក្យូ ក្រោមការចូលរួម ពីក្រុមហ៊ុនជប៉ុនជាច្រើន ។

អភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា ក្រោយពីការដេញថ្លៃ លោកបានជួបប្រជុំជាមួយ និងមន្ត្រីជាន់ខ្ពស់ របស់អង្គការចៃកា (JAICA) ដោយបានពិភាក្សា បញ្ហាដែលនៅសេសសល់ ស្ថិតក្នុងក្របខណ្ឌ ការអនុវត្ត គម្រោងបច្ចុប្បន្ន ដែលរួមទាំងគម្រោង កែលម្អប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រួមទាំងផលប៉ះពាល់ ដែលអាចកើតចេញ ពីការអនុវត្តគម្រោងការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤នេះ ដែលនូវមានផលប៉ះពាល់ខ្លះ ដែល ត្រូវធ្វើការពិភាក្សា និងប្រាប់ទៅកាន់ភាគី JAICA វិញ ដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបាន ។

លោក នួន ផារ័ត្ន បានឲ្យដឹងទៀតថា គម្រោងនេះនឹងធ្វើការពិភាក្សាបន្តទៅមុខទៀត អាចដល់ជំហ៊ានទី៥ ដោយយើងធ្វើការសិក្សា អំពីតំបន់ជុំវិញប្រលានយន្តហោះពោធិ៍ចិនតុង ដែលអាចនឹងរង ការគំរាមកំហែង ពីការជនលិច ដោយជំនន់ទឹកភ្លៀង ដែលយើងត្រូវតែសិក្សា ធ្វើយ៉ាងម៉េច ដោះស្រាយអោយបានលើគម្រោង២សំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការណ៍ ជំនួយបច្ចេកទេស លើការងារគ្រប់គ្រង ប្រព័ន្ធទឹកកង្វក់ និងការកែលម្អ និងការគ្រប់គ្រង នូវប្រព័ន្ធចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលភាគី JAICA បានអនុម័ត្តរួចរាល់ហើយ នៅចាំតែសម្រេចថា នឹងចាប់ផ្តើម នៅពេលណាប៉ុណ្ណោះ ។

ក្រុមការងារប្រតិភូ បានសំណូមពរ និងជំរុញឲ្យជប៉ុនគាំទ្រ នូវគម្រោងមួយ ដែលជាគម្រោងសំខាន់ផងដែរ សម្រាប់ក្របខណ្ឌ ក្នុងរាជធានី គឺការបង្កើត នូវស្ថាននីយ ប្រព្រឹត្តិកម្មទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅប៉ែកខាងត្បូង ដែលគម្រោងនេះ គឺស្ថិតក្នុងការសិក្សា មូលដ្ឋាន ដែលយើងនឹងត្រូវបញ្ចប់ នៅចុងខែមេសាឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ក្នុងរាជធានីភ្នំពេញ ដែលត្រូវអនុវត្ត រួមមាន ៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ ។

២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។

៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងទី៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង