សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល

73

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា     បន្ទាប់ពីខកខានមួយរយ:ដោយសារជាប់រវល់ក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេសនោះ    នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨នេះ បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន៦.៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។

ឯកឧត្តមអ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា កម្មករ និយោជិត រោងចក្រចំនួន៤ ដែលជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន មកពីខេត្តកណ្ដាលចំនួន២ មានកម្មករនិយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ដែលផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯ.ឧ អ៊ិត សំហេង បញ្ជាក់ថា មកដល់ពេលនេះ ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិត ចំនួន១៥៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិតចំនួន ១៣៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៣៣០លានដុល្លារ ក្នុងមួយឆ្នាំ។

ឯ.ឧ រដ្ឋមន្ដ្រីក្រសួងការងាររូបនេះ បានគូសបញ្ជាក់ទៀតថា នេះគឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ​, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្ដីពីការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៥៧លើក ដែលមានចំនួនសរុបទាំងអស់ជាង ៨០ម៉ឺននាក់ហើយ៕

អត្ថបទដែលជាប់ទាក់ទង