រាជរដ្ឋាភិបាលអះអាងថា ៧មករាឆ្នាំ១៩៧៩ជាថ្ងៃវៀតណាមជួយរំដោះកម្ពុជាពីបបខ្មែរក្រហមមិនមែនជាការឈ្លានពាននោះទេ

48

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖


មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាថា ថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមបានជួយរំដោះប្រទេសកម្ពុជាពីបបខ្មែរក្រហមមិនមែនជាការឈ្លានពាននោះទេ ហើយបាននាំអោយកម្ពុជាអាចមានឱកាសក្នុងការអភិវឌ្ឍសង្គមជាតិតាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្ដម សំ រិទ្ធសារុន អនុប្រធានប្រចាំការរៀបចំខួបលើកទី៤០ទិវាជ័យជំនះ៧មករា បានច្រានចោលមតិរិះគន់មួយចំនួនដែលបានលើកឡើងថាថ្ងៃ៧មករាឆ្នាំ១៩៧៩ ជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីកម្ពុជា ដែលនេះគឺផ្ទុយពីការពិត ខណៈថ្ងៃនេះជាថ្ងៃដែលកម្ពុជា និងភាគីវៀតណាមបានរួមគ្នាធ្វើការតស៊ូរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជាសាសន៍ខ្មែរក្រហមវិញ។


ឯកឧត្ដម សំ រិទ្ធសារុនបន្តថា កម្ពុជាបានឆ្លងកាត់សង្គ្រាមដ៏រាំរ៉ៃជាច្រើនឆ្នាំ ហើយប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនា បែកបាក់ក្រុមគ្រួសារ និងបានបំផ្លាញសម្បត្ដិរដ្ឋស្ទើទាំងស្រុង។ ប៉ុន្ដែក្រោយពីផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជាបានជួយសង្គ្រោះជីវិតប្រជាជនពេញផ្ទៃប្រទេសហើយបានកែប្រែប្រទេសជាតិឲ្យមានសុខសន្ដិភាពអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។


ឯកឧត្ដមបញ្ជាក់ថា ទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជាដែលកូនខ្មែរគ្រប់រូបត្រូវចងចាំពីប្រវត្ដិសាស្រ្ដមួយនេះ ហើយយុវជនជំនាន់ក្រោយត្រូវចូលរួមថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ពីព្រោះមានសុខសន្តិភាពទើបមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង