មីទ្ទិញមហាជន ទិវាជ័យជម្នះ៧មករាឆ្នាំនេះ បង្ហាញមហាជនថា កម្ពុជាមានការរីកចម្រើនខ្លាំង

14

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា មីទ្ទិញមហាជនក្នុងខួបអនុស្សាវរីយ៍ លើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករាឆ្នាំនេះ គឺចង់បង្ហាញឲ្យមហាជនជាតិ និងអន្តរជាតិ បានដឹងថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ក្រោយពីខិតខំអភិវឌ្ឍន៍ដោយបាតដៃទទេ។

ផ្តល់បទសម្ភាសន៍ដល់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៥ ខែមករានេះ ឯកឧត្តម សំរឹទ្ធ សារុន អនុប្រធានប្រចាំការនៃគណៈកម្មការរៀបចំខួបអនុស្សាវរីយ លើកទី៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា មានប្រសាសន៍ថា ការប្រារព្ធធ្វើបុណ្យជាតិរំឭកខួបអនុស្សាវរីយនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ដែលធ្វើនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញនេះ គឺជាបង្ហាញថា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យទាំងនៅក្នុងទីប្រជុំជន និងតំបន់ជនបទ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា នៅក្នុងឆ្នាំ២០១៩នេះ ជាលក្ខណៈទ្រង់ទ្រាយធំដោយមានមហាជនជាង៦ម៉ឺននាក់ចូលរួម ជាមួយនិងពិព័រណ៍ក្បួនរថយន្តបុស្បុករបស់រាជធានី-ខេត្តនៅទូទាំងប្រទេស ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗ។


ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឥស្សរជនសំខាន់ ដែលចូលរួមមហាព្រឹត្តិការណ៍នេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត ព្រមទាំងអង្គទូតផងដែរ។
បើតាម ឯកឧត្តម សំរឹទ្ធ សារុន បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមានការរៀបចំទិវា រំឭកថ្ងៃចងចាំរបស់ប្រជាជនកម្ពុជានេះ ជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួនពីការកាប់សម្លាប់ប្រល័យពូជសាសន៍ ដោយរបបប៉ុល ពត ក្នុងរយៈពេល៤០ឆ្នាំមកនេះ។
ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥតជញ្ជាំងពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចាត់ទុកថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ខ្លួន។
ប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានថ្ងៃ៧ មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើន ហើយប្រជាជន ក៏មិនមានភាពសម្បូរណ៍សប្បាយ ដូចសព្វថ្ងៃនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង