ព្រឹទ្ធសភា គាំទ្ររដ្ឋសភាក្នុងការបង្កើនចំនួនអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅអណត្តិថ្មីនេះ

32

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ បូណា ៖

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនចំនួនអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅអណត្តិថ្មីនេះ។


ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទីទី១១ ខែមករា នេះ ឯកឧត្ដម ម៉ម ប៊ុននាងសមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាប្រាប់អ្នកសាព័ត៌មានថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យឱ្យយោបល់ហើយឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែដោយសម្លេងគាំទ្រ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ឯកឧត្ដម ម៉ម ប៊ុននាងបានបញ្ជាក់ថា ឯកឧត្តមបន្តថា ការបង្កើនសមាសភាពក្រុមប្រឹក្សារដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌនេះ គឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការសម្រួលភូមិសាស្រ្តរដ្ឋបាល ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ។


ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមតំណាងរាស្រ្តហត្ថលេខីជាអ្នកការពារសេចក្តីស្នើច្បាប់នេះមានប្រសាសន៍ថា សេចក្តីស្នើរច្បាប់ស្ដីពីវិសោធនកម្មច្បាប់នេះដើម្បីបង្កើនចំនួនអាសនៈក្រុមប្រឹក្សារាជធានីភ្នំពេញ ពី២១រួបទៅដល់២៧រូប។ សមាជិកក្រុមប្រឹក្សាខេត្ត នីមួយៗត្រូវបានបង្កើនពី១៥រូបរហូតដល់២៧រូប។ សមាជិកក្រុមប្រឹក្សាក្រុងបង្កើនចន្លោះពី១១រូបដល់២១រូប និងក្រុមប្រឹក្សាស្រុក ខណ្ឌត្រូវបានបង្កើនចន្លោះពី១១រូប២១រូប។
ជាមួយគ្នានេះ អង្គប្រជុំព្រឹទ្ធសភា ក៏បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌផងដែរដើម្បីឲ្យស្របទៅនឹងរដ្ឋធម្មនុញនិងច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលបានធ្វើវិសោធនកម្មកន្លងមក។
សូមបញ្ជាក់ថា កម្ពុជានឹងបោះជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុកខណ្ឌនីតិកាលថ្មីនៅអំឡុងខែឧសភាឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង