កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាការពារសន្ដិសុខតាមព្រំដែន

39

វិទ្យុជាតិកម្ពុជា៖ ដោយលោកជួន បូណា

ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានប្ដេជ្ញារួមគ្នាការពារសន្ដិសុខតាមព្រំដែន​ ដោយមិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ ទឹកដីរបស់ប្រទេសមួយនោះទេ។

តាមសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោយចប់កិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ផាម ប៊ិញ          មីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៨ ភាគីទាំងពីរបានវាយតំលៃខ្ពស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុងការថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ របស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្ករាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ” ។

ជាងនេះ ទៅទៀត កម្ពុជា-វៀតណាម ក៏បានយល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែន ម៉ឺនជ័យ នៅខេត្តព្រៃវែង , តឹនណាមនៅខេត្តតៃនិញ​ឲ្យទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឲ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅពេលវេលាសមស្របណាមួយ ក៏ដូចជាការបញ្ចប់បែបបទ ដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែន , បុសមន នៅខេត្តស្វាយរៀង , ភឿកតឺន នៅខេត្តតៃនិញឲ្យទៅជាច្រកទ្វារព្រំដែនទ្វេភាគី។ ដូច្នេះ កម្ពុជា-វៀតណាម ឯកភាពដាក់ចេញទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្ម ។ ម្យ៉ាងវិញទៀត​  ភាគីទាំងពីរ ឯកភាពគ្នាជំរុញការកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែន។ចំពោះវិស័យសុខាភិបាល កម្ពុជា-វៀតណាម បានវាយតំលៃខ្ពស់លើលទ្ធផល​កិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ កម្ពុជា-វៀតណាម ក៏វាយតំលៃខ្ពស់លើលទ្ធផល​កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនា ។

 

បន្ថែមពីនេះទៀត កម្ពុជា-វៀតណាម បានប្តេជ្ញារក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការបណ្តាខេត្តព្រំដែន ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង ។

សូមបញ្ជាក់ថា ក្រោយចប់កិច្ចប្រជុំលើកទី១០ កម្ពុជា-វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តា ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២០ ខាងមុខនេះដែរ ៕

 

 

អត្ថបទដែលជាប់ទាក់ទង