ទំនិញកសិផលកម្ពុជានឹងដាក់លក់លើប្រព័ន្ធអនឡាញ

6

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ ទំនិញកសិផលរបស់កម្ពុជា នឹងត្រូវបានជ្រោមជ្រែងលក់លើប្រព័ន្ធអនឡាញ បន្ទាប់ពីដាក់ឲ្យអនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-Commerce)ក្នុងពេលខាងមុខនេះ។

ឯកឧត្តម ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់លើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចជនបទ ដែលហៅជាភាសាអង់គ្លេសថា  Rural E-Commerce ដើម្បីជួយឲ្យកសិករលក់ផលិតផលកសិកម្មកាន់តែងាយស្រួល និងមានទីផ្សារកាន់តែទូលំទូលាយ។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិទី១ ស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិចជនបទនៅកម្ពុជា ដែលធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី១០-១១ ខែមករានេះ ឯកឧត្តមបានបញ្ជាក់ថា កសិករនៅ ជនបទនឹងត្រូវចងក្រងជាសហគមន៍ និងទទួលការបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ចេះបង្កើត QR Code ចេះបង្កើតគណនីទូទាត់សាច់ប្រាក់ ជាដើម ដើម្បីឈានទៅធ្វើការលក់ទំនិញតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមបានបន្តថា នៅពេលកសិករចេះធ្វើអាជីវកម្មតាមប្រព័ន្ធនៃបច្ចេកវិទ្យាទំនើបនេះ គឺពួកគាត់នឹងមិនព្រួយបារម្ភពីកង្វះទីផ្សារ និងតម្លៃ នៃការលក់កសិផលទៀតនោះឡើយ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការទិញលក់តាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ឲ្យអ្នកទិញ និងអ្នកលក់ចំណេញនូវពេលវេលា និងមិនព្រួយបារម្ភពីការក្លែងបន្លំសាច់ប្រាក់ និងមុខទំនិញនោះឡើយ ព្រោះរាល់កិច្ចព្រមព្រៀងរវាងអ្នកទិញ និងអ្នកលក់ត្រូវបានចងដោយច្បាប់។

ទោះជាបែបនេះក្តី លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កសិករអាចជួបបញ្ហាប្រឈមទៅលើការធ្វើពាណិជ្ជកម្មបែបនេះ ដោយសារកង្វះនូវហេដ្ឋារចនាសម្ព័ន្ធដូចជា៖ សេវាដឹកជញ្ជូននៅកម្ពុជានៅមានកម្រិត ប្រព័ន្ធPostប្រៃសណីយ៍នៅមានកម្រិត ការខ្វះប្រព័ន្ធកំណត់អាស័យដ្ឋានឲ្យជាក់លាក់ក្នុងការដឹកជញ្ជូនឲ្យចំគោលដៅអតិថិជន កម្រៃសេវាបន្ថែម និងរយៈពេលក្នុងការដឹកជញ្ជូនទំនិញដល់គោលដៅ សមត្ថភាពក្នុងការទូទាត់ប្រាក់តាមរយៈអនឡាញ ជាដើម។

រាជរដ្ឋាភិបាល និងវិស័យឯកជន ពីថ្ងៃទី១០-១១ ខែមករានេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិទី១ ស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិចជនបទនៅកម្ពុជា គោលបំណងណែនាំ និងផ្ទេរចំណេះដឹងលើការធ្វើអាជីវកម្មអនឡាញ ដល់មន្ត្រីក្រសួងពាក់ព័ន្ធ សហគ្រិន និងអ្នកធ្វើអាជីវកម្មតាមអនឡាញ ដើម្បីផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនេះនៅកម្ពុជា ពិសេសនៅតំបន់ជនបទ អ្នកចាប់ផ្តើអាជីវកម្ម និងអ្នកធ្វើការក្នុងវិស័យកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង