សម្តេចតេជោហ៊ុន​ សែន​ ប្រកាសជួបជាមួយអ្នកសារព័ត៌មាននៅឆ្នាំក្រោយៗបន្តបន្ទាប់ទៀត

11

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖
សម្តេចតេជោហ៊ុនសែនប្រកាសនឹងអញ្ចើញចូលរួមក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅ ឆ្នាំក្រោយៗបន្តបន្ទាប់ទៀត ដើម្បីបង្កើនភាពស្និទ្ធស្នាលនិងការស្វែងយល់ពីតម្រូវការចង់បានរបស់អ្នកសារព័ត៌មាន ជំរុញកិច្ចអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចំរើនបន្តទៀត។


សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេចនឹងបន្តជួបបងប្អូនអ្នកសារព័ត៌មានក្នុងស្រុករហូតដល់ចំនួន៩លើកទៀត ពោលគឺរហូតដល់ឆ្នាំ២០២៨ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


សម្តេចតេជោហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសជំនួបលើកទី៣ជាមួយក្រុមអ្នកសារព័ត៌មានជាង៥០០០ពាន់នាក់កាលពីថ្ងៃទី១១ ខែមករា ហើយបានអះអាងថា សុខភាពសម្តេចនៅល្អជាធម្មតាគ្មានជំងឺអ្វីមកបៀតបៀនឡើយ ដូច្នេះនឹងបន្តកាន់អំណាចជានាយករដ្ឋមន្រ្តីនៅអណត្តិក្រោយទៀត ដែលមានឱកាសជួបអ្នកសារព័ត៌មានរហូតដល់ឆ្នាំ២០២៨។


សម្តេចតេជោបានលើកឡើងថា ជំនួបរវាងថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មាននាពេលនេះពិតជាមានសារះសំខាន់ណាស់ដើម្បីស្វែងយល់គ្នាទៅវិញទៅមក ឈានទៅផ្សព្វផ្សាយព័ត៌មានពិតឬការរិះគន់ស្ថាបនាដើម្បីជំរុញការកសាងជាតិទំាងអស់គ្នា។ សម្តេចតេជោបន្តថា អ្វីដែលអាចបន្តអោយមានជំនួបនេះកើតឡើង គឺដោយសារតែក្រោមបរិយាកាសប្រទេសជាតិមានសុខសន្តិភាព ។
សម្លេង«ខ្ញុំមិនចោលទេអណត្តថ្មីនៅសល់៤ឆ្នាំទៀត ត្រូវជួបគ្នា៤ដងពីនេះទៅដល់ឆ្នាំ២០២៣ ជួប៤ដងទៀត បោះឆ្នោត២០២៣ហើយ បន្តជានាយករដ្ឋមន្រ្តីបន្តជួប៥ឆ្នាំទៀត អញ្ចឹងនៅជំពាក់៩ដងទៀត ហើយខ្ញុំអត់ទៅណាទេ ហើយអ្នកដែលចង់អោយខ្ញុំស្លាប់ សូមកុំសង្ឃឹងតាមិនស្រួលអ្នកស្លាប់មុនខ្ញុំ ព្រោះពូជខ្ញុំអត់តិចជាង៩០ឆ្នាំទេកុំភណ្ឌ័ច្រលំ ទី១អាយុមិនតិចជា៩០ឆ្នាំ ទី២ គ្មានជំងឺភ្លេចភ្លាំងទេ និងទី៣ គ្មានជំងឺទឹកនោមផ្អែមទេ»។
ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចាត់ទុកថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមកពីគ្រប់ស្ថាប័ន ជារៀងរាល់ឆ្នំានេះ កាន់តែបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលនិងអ្នកសារព័ត៌មានក្នុងការលើកកម្ពស់វិស័យព័ត៌មាននិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
សម្លេង«នេះជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការគាំពារ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានហើយជានិច្ចជាការចាត់ទុកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍នៅកម្ពុជា»។
សូមបញ្ជាក់ថា នៅក្នុងជំនួបរវាងអ្នកសារព័ត៌មាននិងសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នៅក្នុងឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានជាច្រើនអោយចូលរួមប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លែង ការផ្សព្វផ្សាយព័ត៌មានរិះគន់ស្ថាបនា និងការសរសេរព័ត៌មានដែលជាស្ពានរវាងប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាល មកកាន់ប្រជាពលរដ្ឋវិញ ដើម្បីរួមគ្នាជំរុញកិច្ចអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង