សម្តេចតេជោ គូសបញ្ជាក់ថា សហគមន៍អឺរ៉ុប មិនគួរប្រព្រឹត្តកំហុស ជាលើកទីបីនោះទេ

3

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ម៉ឹង​ កុសល​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យឯកឧត្តម អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម អេនដា បានជម្រាបជូនសម្តេចថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះឆ្លើយតបនឹង ការអញ្ជើញ របស់លោកបណ្ឌិត ហារុ ហ៊ីហ្សាហាន់ដា ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងគម្រោងពាក់ព័ន្ធ វិស័យអប់រំផង និងវិស័យដទៃទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានគោរពស្នើសុំ សម្ដេចតេជោនាយករដ្ឋមន្រ្តី ស្វែងយល់អំពីទំនាក់ទំនង រវាងកម្ពុជានិងសហគមន៍អឺរុប។


ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលឯកឧត្តម អេនដា បានអញ្ជើញមករាជាណាចក្រកម្ពុជា ចូលរួមជាមួយគម្រោង របស់លោកបណ្ឌិតហាន់ដា ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលជាវិស័យអាទិភាព របស់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់លោកបណ្ឌិតហាន់ដា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំនេះ ជាពិសេសផ្ដល់នូវអាហារូបករណ៍ជាច្រើន ឲ្យនិស្សិតបានសិក្សា នៅសាកលវិទ្យាល័យកម្ពុជា ហើយក៏បានថ្លែងអំណរគុណ ជូនលោកបណ្ឌិតហាន់ដាដែរ ចំពោះគំរោងដទៃទៀត ដែលលោកមាន។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់សាធារណរដ្ឋអៀរឡង់ ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការផ្ដល់ជំនួយ លើវិស័យកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម។
ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជានិងសហគមន៍អឺរ៉ុប, សម្ដេចតេជោ បានជម្រាបជូនអំពីប្រវត្តិកម្ពុជា ជាសង្ខេប ដល់លោកអេដា ហើយក៏បានជម្រាបជូន លោកអេដាផងដែរថា សហគមន៍អឺរ៉ុប មិនគួរប្រព្រឹត្តិកំហុសជាលើកទីបីទេ។ សម្តេចថា កំហុសទីមួយនោះ គឺការគាំទ្រការផ្ដួលរំលំ ព្រះករុណា សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដិ ដែលជារាជរដ្ឋាបាលស្របច្បាប់មួយ, កំហុសទី២នោះ គឺការគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិជាង១២ឆ្នាំ នៅពេលដែលខ្មែរក្រហម បានសម្លាប់ប្រជាជនខ្មែរ អស់រាប់លាននាក់ និងកំហុសទី៣ គឺការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីសហគមន៍អឺរ៉ុប មកគំរាមកំហែងដាក់ទណ្ឌកម្មលើកម្ពុជា ដក EBA ពីកម្ពុជា ដោយយកប្រជាជនកម្ពុជា ជាង១៦លាននាក់ ធ្វើជាចំណាប់ខ្មាំង នៃអ្វីដែលហៅថា EBA នេះ៕

អត្ថបទដែលជាប់ទាក់ទង