សម្តេចតេជោប្រកាសកាត់បន្ថយភាពសំាញុំាមួយចំនួននៅតាមតំបន់ព្រំដែនដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន

36

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​សុខរិន​៖

ប្រមុខរាជរដ្ឋាភិបាលប្រកាសកាត់បន្ថយភាពសំាញុំាមួយចំនួននៅតាមតំបន់ព្រំដែន ដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មដោះដូរទំនិញឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង ដែលឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ បានសម្រេចលែងឲ្យមានអង្គភាពឈរជើងច្រើនស្អេកស្កះនៅតាមច្រកព្រំដែនទៀតហើយ ពោលគឺទុកអោយមាន តែគយនិងនគរបាលអន្តោប្រវេសន៍ប៉ុណ្ណោះ ដើម្បីសម្រួលដល់ការនាំចេញនាំចូលទំនិញ ឆ្លងដែនឲ្យមានមានភាពលឿនរហ័ស។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង៥០០០នាក់កាលពីថ្ងៃទី១១ ខែមករា ហើយបានអះអាងថា កន្លងមកនេះការមានស្ថាប័នឈរជើងច្រើនពេកបានបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មការដោះដូរទំនិញ ឆ្លង កាត់ព្រំដែន ជាមួយនឹងប្រទេសជិតខាង។ សម្តេចបានបន្តថា ការកាត់បន្ថយភាពស្មុគស្មាញនៃការនាំចេញនាំចូលទំនិញឆ្លងដែននេះ គឺជាការបើកយុទ្ធនាការថ្មីរបស់កម្ពុជាក្នុងការគាំទ្រ ដល់វិស័យធុរះកិច្ច តាមរយះពង្រឹងឯករាជ្យរបស់កម្ពុជា ទោះបីគ្មានភាពអនុគ្រោះក៏កម្ពុជាចេះរស់ ដោយខ្លួន ឯងដែរ។
នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យមានស្ថាប័នណាក្រៅតែពីអន្តោប្រវេសន៍និងគយទេ ឲ្យតែពីរនឹងទេ ក្រៅពីនោះដកចេញទាំងអស់ ទាំងការកាំកុងទាំងស្អីនឹងដកចេញឲ្យអស់ អានឹងវាកើតទៅជាឧបសគ្គ ស្ថាប័ននានាវាបង្កើតជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ ។ អញ្ចឹង ទុកវានាំតែខាតចឹងដដែល អោយវាចេញមក ទុកតែប៉ូលិសអន្តោប្រវេសន៍ព្រោះអានឹងវាត្រូវឆ្លងកាត់ត្រូវវ៉ៃត្រាវ៉ៃអី ហើយនឹង ទុកតែគយបានហើយ ហើយក្រៅពីនោះដកចេញមកទាំងអស់ ទៅបើអត់មានការងារធ្វើទេគឺ បុគ្គលិកចូលនិវត្តន៍មិនបាច់រើសថែមទៀតទេ កុំរើស បញ្ហាមួយចំនួនត្រូវធ្វើដូចជាអាស្គែន ត្រូវបញ្ចុះ ថ្លៃស្គែននឹងទៀត ព្រោះយើងត្រូវស្គែនអាដឹងទំនិញនាំចេញនាំចូលរបស់យើងវាមិនប្រាកដនៅអីទេ ប៉ុន្តែតម្លៃរបស់យើងវាថ្លៃបើអញ្ចឹងយើងទម្លាក់ថ្លៃ ចុះដើម្បីឲ្យគេនាំចេញ ឲ្យអ្នកនាំឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ នៅមានមួយចំនួនទៀតដែលយើងត្រូវធ្វើដែលអាចនិយាយថាបើទោះបីជាមានភាពអនុគ្រោះឬគ្មានភាពអនុគ្រោះបានសេចក្ដីថាកម្ពុជាជាអ្នករស់ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង