កម្ពុជា និងម៉ាឡេស៊ីចាប់ដៃគ្នាអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជាដើម្បីប្រាស់ក្នុងស្រុក និងនាំចេញទៅ​ទីផ្សារ​អន្តរ​ជាតិ

6

វិទ្យុជាតិកម្ពុជា៖  អត្ថបទលោកហោ សេង គ្រី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការមូលនិធិច្នៃប្រឌិត​​សកល និងសហគ្រិន ភាពនៃ​ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តី​ពី​កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជាដើម្បីចូលលើកកម្ពស់ជីវភាពប្រជាសហគមន៍​​។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យសម្រេច​​បានឯក​សារអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាសហគមន៍ព្រៃឈើ ក៏ដូចជាក្រុមហ៊ុន​វិនិយោគម៉ាឡេស៊ីផងដែរ។ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងកសិកម្ម ស្របតាមគោលនយោបាយ​​របស់រាជរដ្ឋាភិបាល​​បើក​ទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស​​ដើម្បីធ្វើការអភិវឌ្ឍ​វិស័យ​កសិកម្ម។

ឯកឧត្តមបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំគោលនយោបាយអភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ២០១៩-២០២៣ ដោយផ្តល់អាទិភាពទៅលើអនុវិស័យជាច្រើនសំខាន់ៗ ក្នុងនោះមានការអភិវឌ្ឍ​​សហគមន៍​ព្រៃឈើតាមរយៈការធ្វើកសិកម្មចម្រុះ ដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម និងផលិតកម្មឫស្សី។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ការងារអភិវឌ្ឍឧស្សាហកម្មឫស្សីជាមុខ​​របរ​មួយថ្មី​​​អាចជួយបង្កើតការ​​ងារជូនប្រជាសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋដែលមានធនធានឫស្សី​​ដើម្បីបង្កើន​ចំណូលគ្រួសារ កាត់បន្ថយ​​ការពឹងអាស្រ័យផល អនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើន ពង្រឹង និង​ពង្រីក​ផលិតកម្មកែច្នៃឫស្សីរបស់កម្ពុជាឲ្យមានផលិតភាព និងគុណភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ៕

 

អត្ថបទដែលជាប់ទាក់ទង