អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ត្រៀមស្រោមអនាម័យ៣ម៉ឺនស្រោមចែកជូនដោយឥតគិតថ្លៃនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក

9

វិទ្យុជាតិកម្ពុ៖ អត្ថបទដោយកញ្ញា  ទុយ សូលីដា

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ បានត្រៀមស្រោមអនាម័យ ចំនួន៣ម៉ឺនស្រោម សម្រាប់​ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុកនាពេលខាងមុខនេះ។

ឯកឧត្ដម តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ បានប្រាប់វិទ្យុជាតិអោយដឹងថា ក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមការងារបានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ នឹងរៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍ ។

ក្នុងឱកាសនោះដែរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ នឹងមានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគ អេដស៏ដោយឥតគិតថ្លៃ នឹងណែនាំដើម្បីទទួលបានថ្នាំពីក្រសួងសុខាភិបាល នៅភ្នំពេញឬនៅតាមភូមិឃុំដែលរស់នៅ។ ជាមួយគ្នានោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក៏បានសហការជាមួយតារាចម្រៀង តារាសម្តែង និងតារាកំប្លែង ដែលនឹងត្រូវសម្តែងសិល្បៈកម្សាន្តសប្បាយផងផងហើយ​ផ្តល់ជាសារ​អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាផងដែរ ធ្វើយ៉ាងណាឲ្យពួកគាត់ចេះការពារខ្លួន​ពីជំងឺអេដស៍ ។

រូបឯកសារ

 យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា អត្រាឆ្លងជំងឺអេដស៍ថ្មីនៅកម្ពុជាបានថយចុះពី១០០នាក់នៅឆ្នាំ១៩៩៨ មកនៅត្រឹម៣នាក់ នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់ ២នាក់ នៅឆ្នាំ២០១៦។ ទោះបីយ៉ាងណាក្ដី តាមការ ប៉ានស្មានបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគ អេដស៍ ចំនួន៧២០០០នាក់ ក្នុងនោះ បានទទួលព្យាបាលដោយ​ឱសថ​ប្រឆាំង​នឹងមេរោគអេដស៍ចំនួន ៥៧០០០ស្មើនឹង៧៥ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង