ឥណ្ឌូនេស៊ីប្ដេជ្ញាពង្រឹងកិច្ចសហការលើផ្នែកសន្តិសុខជាមួយកម្ពុជាឲ្យកាន់ល្អប្រសើរ

9

វិទ្យុជាតិកម្ពុជា៖ ដោយលោកអាតចន្ធូ
ភ្នំពេញ៖ ឥណ្ឌូនេស៊ីបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហការលើផ្នែកសន្តិសុខជាមួយកម្ពុជាឲ្យកាន់ល្អប្រសើរថែមទៀត ដើម្បីនាំមកនូវសុវត្ថិភាព នឹងផលប្រយោជន៍ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ។

ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យស្រួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីឥណ្ឌូនេស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ពិសេសលើវិស័យផ្នែកសន្តិសុខ ដូចជាការប្រឆាំងការជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែន ជាដើម។ ជំហររបស់ភាគីឥណ្ឌូនេស៊ីនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៧ ខែវិច្ឆិកា នៅទៅស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម អ្ននាំពាក្យបន្តថា ភាគីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលកន្លងមកតែងតែជួយដោះស្រាយបញ្ហាពាក់ព័ន្ធ ជាមួយពលរដ្ឋឥណ្ឌូនេស៊ី បានសមស្រប និងទាន់ពេលវេលា។
សម្តេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនទូតថ្មីរបស់ឥណ្ឌូនេស៊ី អំពីការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាផ្នែកមួយដែលប្រទេសទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និតរវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌូនេស៊ីផងដែរ។ សម្តេចក្រឡាហោម បានសម្ដែងនូវការគាំទ្រ ក្នុងកិច្ចសហការៀបចំឲ្យមានសកម្មភាពនានា ដើម្បីបន្តដោះស្រាយរាល់បញ្ហាផ្សេងៗ របស់ស្ថានទូតឥណ្ឌូនេស៊ី នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានចូលរួមរំលែកមរណទុក ចំពោះពលរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនៅព្យុះស៊ូណាមិក និងជួបឧបទ្ទវហេតុធ្លាក់យន្តហោះ នាពេលថ្មីៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង