វេទិកាACC បង្ហាញពីភាពខ្លាំងផ្នែកការទូត និងនិងធនធានវប្បធម៌ទេសចរណ៍របស់កម្ពុជា

29

វិទ្យុជាតិកម្ពុជា៖ដោយលោកវ៉ាងភក្តី
សៀមរាប៖ អ្នកនាំពាក្យ លើកឡើងថា វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) បង្ហាញពីភាពខ្លាំងផ្នែកការទូត និងធនធានវប្បធម៌ទេសចរណ៍របស់កម្ពុជា ដែលមានប្រាង្គប្រាសាទបុរាណជាង១ពាន់ សម្រាប់ទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់ចូលទៅទស្សនា។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ឯកឧត្តម ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅរសៀលថ្ងៃទី១៤ ខែមករា មានប្រសាសន៍ថា វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលផ្តល់ឲ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ គឺបង្ហាញពីទំនុកចិត្តពីបណ្តាប្រទេសជាសមាជិកមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពខ្លាំងផ្នែកទំនាក់ទំនងការទូតនៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីគំរូរបស់កម្ពុជាក្នុងការចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។
សំឡេង៖
រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ដែលមានតំណាងគណបក្សនយោបាយជាង៣៥០ មកពី៥២ប្រទេសក្នុងតំបន់។
វេទិកានេះ មានការអានព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពេលចាប់ផ្តើមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៥ ខែមករា បន្ទាប់មកមានការថ្លែងនូវចំណាប់អារម្មណ៍ស្វាគមន៍ពីលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដែលជាប្រធាន ACC និងបន្តដោយសុន្ទរកថា របស់តំណាង ICAPP និង តំណាងអង្គការយូណេស្កូ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសបើកជាផ្លូវការនៃកិច្ចប្រជុំដំបូងនេះ ឯកឧត្តម ឯក ថា បានបញ្ជាក់ថា ជំនួបពិភាក្សាកម្រិតអន្តរជាតិនេះ ផ្តោតលើប្រធានបទសំខាន់ចំនួន៤គឺ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី ២.ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤.ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការចូលរួមលើកកម្ពស់ការតភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ និងការតភ្ជាប់ទំនងទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង