ប្រធានរដ្ឋសភាវៀតណាមថា: ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជានឹង កាន់តែរីកចម្រើនបន្ថែមទៀត

83

 

វិទ្យុជាតិកម្ពុជា៖ ដោយលោកជៀង យ៉ារ៉េត

សៀមរាប៖  នៅមុនពេលចាប់ផ្តើម កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នាសណ្ឋាគារសុខា ខេត្តសៀមរាប,​ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ទី១៥ ខែមករានេះ បានជួបជាមួយ លោក ជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោហ៊ុនសែន បានឲ្យដឹងថា ក្នុងជំនួបនេះលោកជំទាវ ប្រធានរដ្ឋសភាវៀតណាម បានសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ អំពីលទ្ធផលនៃសន្និបាតកន្លងមក ក៏ដូចជាខួបលើកទី៤០ ជ័យជំនះ៧មករា ​នៃការផ្តួលរំលំ របបប្រល័យពូជសាសន៍​ ដែលបានប្រព្រឹត្តទៅ យ៉ាងត្រចះត្រចង់ជោគជ័យ។ ពីនោះទៅទៀត លោកជំទាវ ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោផងដែរ ដែលរយៈពេល២ឆ្នាំ ដែលលោកជំទាវ បានមកកម្ពុជា កាលពី២ឆ្នាំមុន រហូតដល់ពេលនេះ លោកជំទាវ បានសង្កេតឃើញថា កម្ពុជា​មានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ លោកជំទាវ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជានឹងមានការអភិវឌ្ឍ កាន់តែខ្លាំងឡើងថែមទៀត។

  ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានគោរពសម្ដែងរាយការណ៍ ជូនសម្តេចតេជោថា លោកជំទាវមកកាន់ ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដឹកនាំប្រតិភូ ដែលមានប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដែលមានទាំង ប្រធានអនុប្រធាន និងប្រតិភូផ្សេងៗទៀតផងដែរ ក្នុងន័យនេះ លោកជំទាវបានសំដែងនូវការគាំទ្រ ដល់កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅកម្ពុជានេះ ឲ្យបានទទួលជោគជ័យ និងជូនពរឲ្យកិច្ចប្រជុំនេះ ដំណើរការបានជោគជ័យ ព្រោះថាកន្លងមក រយៈពេលតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ លោកជំទាវបានសង្កេតឃើញថា ដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ល្អជាទីបំផុត។

  ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវង្វៀន ចំពោះពាក្យពេចន៍ សំដែងនូវការអបអរសាទរផង ក៏ដូចជាជម្រាបជូន លោកជំទាវផងដែរថា ប្រទេសកម្ពុជា​ មានការអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែក ពីវៀតណាមបានឡើយ។ ក្នុងន័យនេះដែរ សម្តេចក៏បានសម្ដែងនូវអំណរគុណ ហើយក៏បានជូនពរ ឲ្យប្រតិភូរបស់លោកជំទាវ ទទួលបានជោគជ័យ ក្នុងបេសកកម្មនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង