ប្រធានសភាវៀតណាមចង់សហការជាមួយកម្ពុជាដើម្បីបណ្តុះយុវជនជំនាន់ក្រោយអោយបន្តទំនាក់ទំនងល្អទៅវិញទៅមក

61

វិទ្យុជាតិកម្ពុជា៖ វៀតណាមចង់សហការជាមួយកម្ពុជាដើម្បីជំរុញយុវជននៃប្រទេសទាំងពីរអោយបន្តទំនាក់ទំនងល្អជាប្រពៃណី ដោយសហការ សាម គ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយគ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ Ankor Palace Resort សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈជាន់ខ្ពស់ រដ្ឋសភាវៀតណាម អញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
លោកជំទាវ ង្វៀន ធីគីមងិន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសទាំងពីរមានការទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ រដ្ឋសភាវៀបណាម នឹងខិតខំសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋសភាកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និត និងល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានជំរុញឲ្យអគ្គលេខាធិការរដ្ឋសភាវៀតណាខិតខំបង្កើនទំនាក់ទំនងជាមួយនឹងអគ្គលេខាធិការព្រឹទ្ធសភា ក្នុងការសហការគ្នាទៅវិញទៅមកឲ្យមានប្រសិទ្ធភាព ជាពិសេសរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកជំទាវ សង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម នឹងខិតខំសហការគ្នាដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណីសហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយគ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានគណៈប្រតិភូក៏គោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍របស់លោកជំទាវដែលថ្លែងសរសើរអំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាវឌ្ឍនភាពនៃការររីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានការរីកចម្រើនឥតឈប់ឈរ។ ទោះបីសភាពការណ៍នៅក្នុងពិភពលោកមានភាពស្មុកស្មាញក្តី ក៏ប្រទេសទាំងពីនៅតែបន្តពង្រឹង ពង្រីកននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកដោះនូវបញ្ហាប្រឈមនានានៅពេលបច្ចុប្បន្ន សំដៅការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងមិនអនុញ្ញាតឱ្យមានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាការួមចំណែកដ៏ធំធេញរបស់បក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលកន្លងមក។

ចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលយក ហើយនឹងរកពេលវេលាសមស្របណាមួយដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ឋ៕

អត្ថបទដែលជាប់ទាក់ទង