ក្រសួងឧស្សាហកម្មបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតឲ្យដល់តំបន់ដាច់ស្រយាលឆ្ងាយៗ

169

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


ក្រសួងឧស្សាហកម្មបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតឲ្យដល់តំបន់ដាច់ស្រយាលឆ្ងាយៗ
ដើម្បីធានាឲ្យមានលទ្ធភាពប្រើប្រាស់ទឹកស្អាតបានគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។
ថ្លែងក្នុងសន្និបាតបូកសរុបការងារក្រសួងឧស្សាហកម្មនិងសិប្បកម្មនៅព្រឹកថ្ងៃទី១៥ ខែមករានេះ ឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានឲ្យដឹងថា ក្រសួងបានពង្រីកកិច្ចសហការជាមួយវិស័យឯកជនក្នុងការពង្រីកដែនសេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឲ្យគ្រប់ច្រកល្ហក់ នៅតំបន់ដាច់ស្រយាល ឆ្ងាយៗ ឬកន្លែងខ្វះប្រភពទឹក។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការពង្រីកផែនការផ្គត់ផ្គង់ទឹកស្អាតនៅជនបទនេះ ដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលបានកំណត់លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតឲ្យសម្រេចបាន១០០ភាគរយនៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នកម្ពុជាទើបតែសម្រេចបានជាង៥០ភាគរយនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តទៀថា ក្រសួងពុំមែនតែពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតអោយគ្រប់ច្រក់ល្ហកប៉ុណ្ណោះទេ ប៉ុន្តែកំពុងកែប្រែគោលការណ៍បញ្ចុះទឹកស្អាតអោយមានតម្លៃកាន់តែទាប ដើម្បីសម្រួលការលំបាកនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ពិសេសប្រជាពលរដ្ឋដែល មានកម្រិតជីវភាពទាបនិងមធ្យមអាចទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា ការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ជូនដលប្រជាពលរដ្ឋមានសារះសំខាន់ណាស់ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសកុមារធានាមិនអោយ កើតមានជម្ងឺផ្សេងៗដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត។
សូមបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតពីបំពងមានចំនួនជាង៤លាន៥សែននាក់ ហើយតំបន់ដែលគ្រោងពង្រីកប្រតិបត្តិការផ្គង់ផ្គង់ទឹកស្អាតច្រើនជាងគេ មាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ដោយសារតែតំបន់ទំាងនេះបានពង្រីកលំនៅដ្ឋានជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង