និស្សិតអាហារូបករណ៍ខ្មែរដែលត្រៀមទៅប្រទេសនូវ៉ែលសេឡង់ចំនួន១៨រូបប្តេជ្ញានាំយកបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៍កម្ពុជា

84

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ កញ្ញា អ៊ិន ហ្វានីន៖

និស្សិតអាហារូបករណ៍កម្ពុជាដែលត្រៀមទៅនៅនូវ៉ែលសេឡង់ចំនួន ១៨រូបប្តេជ្ញាខិតខំរៀនសូត្រ ដើម្បីឈានទៅជាប់យកជំនាញបច្ចេកទេសនានាឲ្យបានច្បាស់លាស់ ដើម្បីយកមកអភិវឌ្ឍន៍និងកសាងជាតិនៅកម្ពុជា។


ក្នុងឱកាសជួបសម្តែងការគួរសមជាមួយឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមករានេះ លោក ផល ទិព្ឋដារ័ត្ន តំណាងឲ្យក្រុមនិស្សិតអាហារូបករណ៍ទាំងនេះបានអះអាងពីការប្តេជ្ញាចេញបន្តរការសិក្សារនៅប្រទេសនូវ៉ែលសេឡង់ (New Zealand) អោយទទួលបានជោគជ័យមានផ្លែផ្កាត្រឡប់មកកាន់កម្ពុជាវិញ។


លោក ផល ទិព្ឋដារ័ត្នបានលើកឡើងថា និស្សិតទាំង ១៨ រូបដែលចេញទៅសិក្សានៅនូវ៉ែលសេឡង់នាពេលខាងមុខនេះ មានថ្នាក់បណ្ឌិត PhDចំនួន ២ រូប និងបរិញ្ញាប័ត្រជាន់ខ្ពស់ ចំនួន១៦ រូប ដោយបន្តរការសិក្សាលើមុខវិជ្ជា និងជំនាញផ្សេងៗ គ្នារួមមាន៖ ផ្នែកអប់រំ សេដ្ឋកិច្ច គោលនយោបាយសាធារណៈ ហិរញ្ញវត្ថុ និងធុរកិច្ច។
ឯកឧត្តម មាស សុភ័ណ្ឌ បាន ចែករំលែកបទពិសោធន៍ផ្ទាល់របស់ឯកឧត្តម ក៏ដូចជាបទពិសោធន៍ទូទៅក្នុងសង្គមជាក់ស្តែង ដើម្បីអោយនិស្សិតទំាងនេះបានទៅបំពេញការសិក្សាដោយជោគជ័យ។ ឯកឧត្តម មានប្រសាសន៍ថា កាលពីមុននិស្សិតដែលបន្តរការសិក្សានៅក្រៅប្រទេសមានការលំបាកច្រើន ប៉ុន្តែឥឡូវនេះកម្ពុជាមានក្រុមសមាគមន៍និស្សិតក្រៅប្រទេស ដឹកនាំផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិតឯកឧត្តម ហ៊ុន ម៉ាណែត ដែល បានជួយសម្រួលនិសិត្សកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេសក្នុងនោះជួយក្នុងស្នាក់នៅបណ្តោះអាសន្ន និងណែនាំក្នុងការប្រើប្រាស់ប្រព័ន្ឋដឹកជញ្ជូនសាធារណៈ និងកិច្ចការផ្សេងៗ ទាក់ទងនឹងការសិក្សារបស់ពួកគេ។
ឯកឧត្តម បានជូនពរក្រុមនិសិត្សទាំងអស់ឲ្យទទួលជោគជ័យក្នុងការសិក្សា ហើយវិលត្រលប់មកបំពេញភារកិច្ចជូនមាតុប្រទេសវិញដើម្បីជួយប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ប្រទេសនូវ៉ែលសេឡង់បានផ្តល់អាហារូបករណ៍ដល់កម្ពុជា តាំងពីឆ្នាំ ២០១៥មកដើម្បីជួយបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផ្នែកធនធានមនុស្សដល់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង