សម្តេចតេជោបង្ហាញបទពិសោធន៍ដល់សហគមន៍អន្តរជាតិពីការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជាធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ

66

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

សម្តេចតេជោហ៊ុនសែនបានបង្ហាញបទពិសោធន៍ដល់សហគមន៍អន្តរជាតិពីការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា បានធ្វើឲ្យកម្ពុជាមានការបង្រួបបង្រួមជាតិ សុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តក្រោមម្លប់សុខសន្តិភាព។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា ចាប់តាំងពីកម្ពុជាបានអនុវត្តនយោបាយឈ្នះឈ្នះពីឆ្នាំ១៩៩៨មក បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លំាងប្រដាប់អាវុធតែមួយ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរយះពេលជាង៥០០ឆ្នាំមកនេះ។
សម្តេចតេជោហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ចើញចូលរួមក្នុងវេទិកាសភា អាស៊ី ប៉ាស៊ីហ្វីកលើកទី២៧ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករានេះនៅខេត្តសៀមរាប ដែលមានបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកចូលរួមជាច្រើន។
សម្តេចតេជោបានបញ្ជាក់ថា នយោបាយឈ្នះឈ្នះនេះគឺបានផ្តល់ឱកាសជាច្រើនដល់ កម្ពុជាឲ្យមានសុខសន្តិភាពផង ហើយមានលទ្ធភាពអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើនផង។
សម្លេង«បន្ទាប់ពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨សេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់គួរអោយកត់សម្គាល់ដោយចាប់ផ្តើមពីចំណុចសូន្យ ហើយក្នុងរយះពេលជិត២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ថ្នាក់ទី៦នៅលើពិភពលោក។ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំតាមរយះ ការរីកចំរើនឥតឈប់ឈរលើវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលទ្រព្យ គមនាគមន៍ និងការដឹកជញញ្ជូន។ ដោយឡែករចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ចំពោះអត្រានៃភាពក្រីក្រ ក៏បានធា្លក់ចុះពី៥៣.២ភាគរយ នៅឆ្នាំ២០០៤ មកនៅត្រឹម១៣.៥ភាគរយនៅឆ្នាំ២០១៤ នឹងត្រូវបានរំពឹងថាបន្តថយចុះមកនៅត្រឹមក្រោម១០ភាគរយនាពេលបច្ចុប្បន្ន។ កក្តានេះបានធ្វើឲ្យកម្ពុជាកាន់តែមានមហិច្ឆិតាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីអបអរសាទនយោបាយឈ្នះឈ្នះ និងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែនដែលបានបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមដោយជោគជ័យបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង