រាល់សេចក្ដីសម្រេចទាំងឡាយរបស់APPF នឹងក្លាយជាវិធានដ៏សំខាន់សម្រាប់អនុវត្ដន៍

216

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវ៉ាង ភក្តី រូបភាពដោយលោក អ៊ូកាណែល

សៀមរាប៖ ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) បានអះអាងថា រាល់សេចក្ដី​​សម្រេចទាំងឡាយ នឹងក្លាយជាវិធានដ៏សំខាន់សម្រាប់អនុវត្ដន៍ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាននៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ មានប្រសាសន៍ថា វត្តមានថ្នាក់ដឹកនាំសភាក្នុងវេទិកាAPPFនៅកម្ពុជា បង្ហាញឱ្យពិភពលោកឃើញច្បាស់ពីឆន្ទៈរួម ក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយ​​ភាពសុខដុមរម្យនា យកការដោះស្រាយទំនាស់ដោយសន្ដិវិធី គោរពគ្នាទៅ​​វិញទៅមក និងដោះស្រាយបញ្ហា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ សម្តេចពញាចក្រី បានបញ្ជាក់ថា ក្របខណ្ឌAPPF ត្រូវពង្រឹងកិច្ចសហប្រតិបត្ដិការឱ្យ​​បានជិត​​ស្និទ្ធ ក្នុងកម្រិតទ្វេភាគី  ពហុភាគី ព្រមទាំងអនុវត្ដឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា និងលិខិតបទដ្ឋានគតិយុត្ដនានា ជាធរមាន ដើម្បីសម្រេចចក្ខុ​វិស័យ​របស់ខ្លួន ក្នុងនោះសេចក្ដីសម្រេចទាំងឡាយរបស់វេទិកាលើកនេះ នឹងក្លាយជាវិធាន​​ដ៏សំខាន់​សម្រាប់អនុវត្ដន៍។ សម្តេចបានបន្តថា ប្រទេសជាសមាជិកAPPF ត្រូវបង្កើនកិច្ច​​សហប្រតិបត្តិការ ជាមួយគ្នា និងអង្គការដៃគូនានា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជក​​ម្មសេរី សំដៅធ្វើឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្លាយជាតំបន់ពាណិជ្ជកម្មសេរី ដែលផ្ដល់ផល​​ប្រយោជន៍​​ជាអតិបរមាដល់ប្រជាជាតិនៅក្នុងតំបន់។

គណៈប្រតិភូតំណាងសភាប្រទេសអូស្ត្រាលី បានថ្លែងគាំទ្រនូវសេចក្តីសម្រេច​​ទាំងឡាយ​ដែលនាំឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលបានសុខដុមរមនីយកម្ម ក្នុងនោះការប្រឆាំងនឹង​​ការគម្រាម​កំហែងនៃបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងបទល្មើសនានា ដែលជាបញ្ហាកង្វល់របស់ពិភពលោក និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែក គណៈប្រតិភូតំណាងសភាប្រទេសម៉ាឡេស៊ី បានប្រកាសជំហរ​​សហការជាមួយ​​ប្រទេសដទៃទៀត និងអង្គការដៃគូ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងបទល្មើស​​ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធខុសច្បាប់ តាមរយៈការពង្រឹងសន្តិសុខ និងការត្រួតពិនិត្យ​នៅតាមច្រក​ព្រំដែន និងកិច្ចសហការផ្តល់ព័ត៌មានរវាងប៉ូលីសអន្តរជាតិ។

សេចក្តីព្រាងសេចក្តីសម្រេចជាង៤០ ដែលត្រូវបានប្រទេសសមាជិកAPPF ដាក់បញ្ចូល​ជារបៀបវារៈក្នុងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា នាខេត្តសៀមរាប ដើម្បីធ្វើឲ្យពិនិត្យ និងអនុម័ត គឺពាក់ព័ន្ធនឹងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការកសាង​​ទំនុកចិត្ត ការជំរុញឲ្យមានសន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រយុទ្ធ​​ប្រឆាំង​​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យសភា ជាដើម៕

អត្ថបទដែលជាប់ទាក់ទង