សភាកម្ពុជា និងវៀតណាមបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ

104

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖ រដ្ឋសភាប្រទេសកម្ពុជា និងវៀតណាមប្តេជ្ញាបង្កើន​​ទំនាក់ទំនងទ្វេភាគី​​ដោយ​​ឈរ​លើផលប្រយោជន៍​ទៅវិញទៅមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញ​​ពីការរឹតចំណង​​មិត្ត​​ភាព​​ល្អជាមួយប្រទេសវៀតណាមថា មានលក្ខណៈល្អប្រសើរ​​ទាំងស្ថាប័ននីតីបញ្ញត្តិ និង​​នីតិ​ប្រតិបត្តិ​ហើយបាននាំមកនូវផលប្រយោជន៍​​យ៉ាងច្រើនដល់​​ប្រជាជន និងប្រទេស​​ទាំងពីរ។

សម្តេចលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួសម ជាមួយលោកជំទាវ ង្វៀន ធី​គីម​​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា ​​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈលោកជំទាវ ដឹក​​នាំ​​គណៈប្រតិភូមកចូលរួមកិច្ចប្រជុំ APPF។

សម្តេចបន្តថា វត្តមានរបស់ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជានេះ បាន រួមចំណែកដ៏ធំធេង ក្នុងការបន្តពូនជ្រុំលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជា ប្រពៃណី និងកិច្ចស​ហ​​ប្រតិបត្តិ​​ការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមំា​​ថែមទៀត។

លោកជំ​ទាវ ង្វៀន ធី​គីមងិន បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំAPPF ថាប្រ​កបដោយអត្ថន័យនិងមិត្តភាពដោយសារគ្រប់គណៈប្រតិភូដែល ចូលរួម សុទ្ធតែបានវាយ​​តម្លៃខ្ពស់ពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសភាកម្ពុជា។

លោកជំទាវប្រកាសបន្តផ្តល់ជំនួយគំាទ្រ និងកិច្ចសហ​ប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ដូចជា​​ការពន្លឿន ជំនួយដល់ការសាងសង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា និងការបណ្តុះ​​បណ្តាលជំនាញបច្ចេកទេស ដល់មន្រ្តីរដ្ឋសភាជាដើម៕

អត្ថបទដែលជាប់ទាក់ទង