ពិធីប្រកាសផ្លូវការនិងពិធីជប់លៀងពិសារអាហារ

162

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រលប់ថ្ងៃទី 15 ខែមករា ឆ្នាំ 2019 សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាកិត្តិយសនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ីនិងពិធី ជប់លៀងពិសារអាហារនៅទីលានជល់ដំរី ក្រុងសៀមរាប ខេត្តសៀមរាប។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានប្រកាសជាផ្លូវការនៅសៀមរាប  ដែលជាទីក្រុងវប្បធម៌ដ៏រុងរឿងរបស់ប្រទេសកមម្ពុជា ដោយមាន​វត្តមានរបស់អ្នកចូលរួមជាង ៨០០​នាក់ មកពីប្រទេសបង់ក្លាដេស កម្ពុជា ចិន ហ្សកហ្ស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ឡាវ កូរ៉េខាងត្បូង ឡេបាណន់ ម៉ា​ឡេស៊ី ម៉ុងហ្គោលី មីយ៉ានម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រុស្ស៊ី សិរីលង្កា ថៃ និងវៀតណាម ក៏ដូចជា​មិត្ត​មក​ពី​​ទ្វីប​អាហ្វ្រិក អាមេរិកឡាទីន អាមេរិកខាងជើង អឺរ៉ុប អង្គការអ្នក​ប្រជាធិប តេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និង​អង្គការយូណេស្កូ។

គំនិតផ្តួចផ្តើមក្នុងការបង្កើត ACC ជាស្ថាប័នបុត្រសម្ព័ន្ធមួយរបស់អង្គការសន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​​នយោបាយនៅអាស៊ី (ICAPP) ត្រូវបានផ្តល់អនុលោមភាពក្នុងអំឡុងពេលកិច្ចប្រជុំ​លើក​ទី២៧ នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP នៅទីក្រុងកូឡាឡាំពួរ នាខែកញ្ញា ឆ្នាំ២០១៦។ ឯកសារគោល (ToR) របស់ ACC ដែលរៀបចំដោយកម្ពុជា និងមាន​ការពិគ្រោះ​យោបល់​ជាមួយសមាជិកគណៈកម្មា​ធិការ​អចិន្ត្រៃយ៍ដទៃទៀត ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញ​អង្គរបស់ ICAPP នៅទីក្រុងសេអ៊ូល នាខែកក្កដា ឆ្នាំ២០១៧។ ក្រោយមក នាខែតុលា ឆ្នាំ២០១៨  អង្គការយូណេស្កូ បាន​ឯកភាព​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ជាមួយអង្គការ ICAPP ដើម្បីគាំទ្រ​សកម្មភាពនានា​របស់ ACC។ ពិធីចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​​​សហប្រតិបត្តិការនេះ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅ​ខេត្ត​សៀមរាប។

ACC បានប្រកាសលើកកម្ពស់សសរស្តម្ភដែលមានភាព​ប្រទាក់​ក្រឡា​គ្នា​ទៅវិញទៅមក ចំនួន៤ រួមមាន:

១.ប្តេជ្ញាលើកកម្ពស់វប្បធម៌សន្តិភាព ស្របតាមពាក្យស្លោករបស់ ACC ថា «ពិភពលោកមួយដែលមានវប្បធម៌ចម្រុះសម្បូរបែបជាមូលដ្ឋានសម្រាប់ការកោតសរសើរ និង​កិច្ចសហ​ប្រតិបត្តិការ»។ វប្បធម៌គឺជាសូចនាករមួយសម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាព និងឯករាជ្យភាព។

២.    វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព៖ គូសបញ្ជាក់ពីទំនាក់ទំនងរវាងវប្បធម៌ និងការ​អភិវឌ្ឍ​ដោយ​​​​ចីរភាព តាមរយៈការលើកកម្ពស់ភាពទាក់ទងគ្នារវាងគុណតម្លៃសង្គមនិងវប្បធម៌ និង​ការធ្វើ​ឱ្យ​ប្រសើរឡើងនូវកុងសង់ស៊ុសអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីកាត់​បន្ថយនូវ​អសមភាព​សេដ្ឋកិច្ច និងសង្គម ពង្រឹងសមត្ថភាពមូលដ្ឋានដើម្បីកាត់បន្ថយហានិភ័យនៃ​បម្រែ​បម្រួល​​​​អាកាសធាតុ និងលើកកម្ពស់ការផ្សារភ្ជាប់សង្គម និងនិរន្តរភាពសង្គម។

៣.    វប្បធម៌ និងការតភ្ជាប់មនុស្សជាតិ៖ អភិវឌ្ឍបន្ថែមទៀតនូវផែនការសកម្មភាពជាក់លាក់ ដើម្បី​លើកកម្ពស់ការតភ្ជាប់មនុស្សជាតិ គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម និងដើម្បីលុបបំបាត់ រាល់​ទម្រង់នៃភាពជ្រុលនិយម តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងកិច្ច​សន្ទនា និងការពិគ្រោះយោបល់ដែលមានលក្ខណៈបើកទូលាយ និងប្រកប​ដោយ​បរិយាប័ន្ន។

៤.    វប្បធម៌ និងនវានុវត្តភាព៖ គូសបញ្ជាក់នូវសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌ ជា​មូលដ្ឋាន​នៃ​នវានុវត្តភាពដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើក​កម្ពស់​គុណ​តម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ។

សេចក្តីថ្លែង​ការណ៍​សៀមរាបបានកោតសរសើរ និងស្វាគមន៍វិធីសាស្រ្តថ្មីមួយសម្រាប់ការអភិវឌ្ឍ គឺ​វិធីសាស្ត្រ​ TECHO (ជាពាក្យ​កាត់​អង់គ្លេស ដែល​មានន័យពេញ​ថា​ បច្ចេកវិទ្យានិងគំនិត, ការអប់រំនិង​បរិស្ថាន, វប្បធម៌និង​សហគមន៍, មនុស្សជាតិនិងប្រវត្តិសាស្រ្ត, សិរីរាង្គនិងភាពដើម) និង គម្រោងTECHOភូមិគំរូ១០០ ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​សសរស្តម្ភ ទាំង៤ ខាងលើ។

គណៈប្រតិភូ ACC បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះវត្តមានក្នុងព្រឹត្តិការណ៍​ពិធីជា​ប្រវត្តិសាស្ត្រ​​នេះ គឺវត្តមាន​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ប្រធាន​ស្ថាបនិកកិត្តិយសACC និងជា​សហប្រធានស្ថាបនិក​កិត្តិយសរបស់ ACC រួមមាន ឯកឧត្តម Muhammad Jusuf Kalla អនុប្រធានាធិបតីសាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្តម Jose de Venecia អតីត​អ្នកនាំ​ពាក្យ​នៃសភាតំណាងរាស្រ្តហ្វីលីពីន ឯកឧត្តម KP Shama Oli នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធនេប៉ាល់ ឯកឧត្តម Andrés Pastrana Arango អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡំប៊ី និងជា​ប្រធានអង្គការ​អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC)។ 

អត្ថបទដែលជាប់ទាក់ទង