សម្តេចតេជោ នាយករដ្ឋមន្ត្រី លើកឡើងថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា

89

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ម៉ឹង កុសល និងលោក អ៊ូ កាណែល៖ សៀមរាប ៖ ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករានេះ នាទីក្រុងសៀមរាប បានជួបជាមួយឯកឧត្តម ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម មហាម៉ាត់ បានសំដែងនូវការអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACCបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។

ឯកឧត្តមម៉ូហាម៉េដ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល រាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់ឯកឧត្តម។ ក្នុងន័យនេះ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្តមបានដឹកនាំគណៈប្រតិភូ មកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម មានប្រសាសន៍ផងដែរថា នេះគឺជាសកម្មភាពមួយ ដើម្បីឆ្លុះបញ្ចាំង និងចូលរួម ធ្វើយ៉ាងណា ពង្រឹងទំនាក់ទំនង របស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួម ក្នុងកិច្ចប្រជុំទាំងពីររបស់កម្ពុជា។ សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។ សម្តេចបានបន្តថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាព របស់កម្ពុជា នាពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលកន្លងមក បានជួយដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូនេស៊ី ហើយបានត្រលប់មក ធ្វើការបម្រើប្រទេសជាតិ។ ឆ្លៀតឱកាសនោះ សម្តេចតេជោក៏បានថ្លែងអំណរគុណ ជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍មហាម៉ាត់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យការរៀបចំចាប់ផ្ដើម ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

អត្ថបទដែលជាប់ទាក់ទង