សភារុស្ស៊ី ចង់ឲ្យសភាកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

234

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖
សភាសហព័ន្ធរុស្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការ និងជួយជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំឡើង ដើម្បីចូលរួមចំណែកដល់ការពង្រឹងវិស័យនយោបាយ សន្តិសុខសង្គម និងសេដ្ឋកិច្ច ជាដើម។


ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF លើកទី២៧ នៅឯខេត្តសៀមរាប ព្រឹកថ្ងៃទី១៦ ខែមករានេះ លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា(Olga Epifanova) អនុប្រធានសភាឌូម៉ា នៃប្រទេសរុស្ស៊ី បានលើកឡើងថា សភារុស្ស៊ី មានការពេញចិត្តចំពោះតួនាទីសភាកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការនានានៅលើឆាកអន្តរជាតិ ដើម្បីជំរុញនូវសុខសន្តិភាពនៅក្នុងសង្គម និងការអភិវឌ្ឍដោយចីរភាព។


លោកជំទាវ បានថ្លែងអំណរគុណសភាកម្ពុជា ដែលបានជ្រើសរើសលោកជំទាវធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ដ៏មានសារៈសំខាន់។ លោកំទាវ មានប្រសាសន៍ថា ខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF មានសារៈសំខាន់ណាស់ក្នុងការពង្រឹងតួនាទីស្រ្តីក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពនៅក្នុងសង្គមជាតិ។ លោកជំទាវបានបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅម្ពុជានេះ គណៈប្រតិភូសភាឌូម៉ាសហព័ន្ធរុស្ស៊ី ក៏បានជួបពិភាក្សាការងារជាមួយសមាជិកស្រ្តីរដ្ឋសភាកម្ពុជាផងដែរ ដើម្បីពង្រឹកពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។ លោកជំទាវ ក៏បានស្នើសម្តេចប្រធានរដ្ឋសភាកម្ពុជា ជួយជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងថែមទៀតផងដេរ ពិសេសទំនាក់ក្នុងស្រទាប់យុវជន។
សម្តេចពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានគណៈប្រតិភូសភារុស្ស៊ី ដែលចូលរួមកិច្ចប្រជុំ APPF នៅកម្ពុជាពេលនេះ បានរួមចំណែកដល់ការបន្តរឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយទំាងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ ឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធ។

សម្តេចពញាចក្រី មានប្រសាសន៍ថា ប្រទេសរុស្ស៊ី ជាមិត្តចាស់ ជាមិត្តល្អ និងជាអ្នកជិតខាងល្អ របស់កម្ពុជា នៅគ្រប់កាលៈទេសៈ ដោយរុស្ស៊ីតែងតែបានជួយគំាទ្រកម្ពុជាចាប់ពីទសវត្ស៨០ មកដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រធានសភាសភាឌូម៉ាសហព័ន្ធរុស្ស៊ីមកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង