ក្រសួងសាធារណការអះអាងថាកម្ពុជាបាន និងកំពុងអភិវឌ្ឍផែនការមេ ភស្តុភារកម្មជាតិ ដើម្បីជំរុញការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព

8

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ កម្ពុជាបាន និងកំពុងអភិវឌ្ឍផែនការមេភស្តុភារកម្មជាតិ ដើម្បីជំរុញការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព បង្កើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។


ក្នុងវេទិកាសន្ទនាស្ដីពី គោលនយោបាយភស្តុភារកម្ម និងសិក្ខាសាលាស្ដីពីការដឹកជញ្ជូនក្នុងខ្សែសង្វាក់សីតុណ្ហភាពត្រជាក់ និងភស្តុភារកម្មបៃតងកាលពីថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា៖ដើម្បីឱ្យផែនការមេភស្ដុភារកម្មកម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន កម្ពុជាត្រូវការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយពីសំណាក់ប្រទេសអភិវឌ្ឍន៍ ជាពិសេសប្រទេសជប៉ុន តួយ៉ាងដូចជាវេទិកា និងសិក្ខាសាលានាពេលនេះជាដើម។


សូមបញ្ជាក់ថាវេទិកាសន្ទនាស្ដីពី គោលនយោបាយភស្តុភារកម្ម និងសិក្ខាសាលាស្ដីពីការដឹកជញ្ជូនក្នុងខ្សែសង្វាក់សីតុណ្ហភាពត្រជាក់ និងភស្តុភារកម្មបៃតងនេះសហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដោយមានការចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណ ១០០នាក់។
គោលបំណងនៃការរៀបចំវេទិកា និងសិក្ខាសាលានេះ គឺដើម្បីពិភាក្សាចែករំលែកបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក និងផ្ដល់អនុសាសន៍ពីសំណាក់ភាគីជប៉ុន ដើម្បីអភិវឌ្ឍគោលនយោបាយភស្តុភារកម្ម នៅកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន៕

អត្ថបទដែលជាប់ទាក់ទង