ក្រសួងវប្បធម៌ធ្វើកំណាយជាលក្ខណៈទ្រង់ទ្រាយធំនៅភូមិមូលជើងឯក

2

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានធ្វើកំណាយជាលក្ខណៈទ្រង់ទ្រាយធំនៅភូមិមូលជើងឯករាធានីភ្នំពេញ ដើម្បីសិក្សាស្រាវជ្រាវស្វែងរកនៅវត្ថុបុរាណ្យកាលពីសម័យដើមរបស់បុព្វបុរសខ្មែរ។


ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់គម្រោងស្រាវជ្រាវស្ថានីយ៍ភូមិមូលជើងឯក នៅភូមិមូល ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯង ខណ្ឌដង្កោរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករានេះ ឯកឧត្ដម ជុច ភឿន រដ្ឋលខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជំរុញឲ្យមានការធ្វើកំណាយជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីធ្វើការវាយតម្លៃភូមិមូលក្នុងស្ថានភាពទាំងមូល ដើម្បីធ្វើការអភិរក្ស និងការអភិវឌ្ឍ។


ឯកឧត្ដមបន្ដថា ការធ្វើកំណាយនេះ គឺទំនើបជាងកាលពីលើកមុន ដោយប្រើប្រាស់ត្រាក់ទ័រ និងម៉ាស៊ីនស្គែន ដើម្បីពន្លឿនការរុក្ខរក និងធានាការរក្សាយកវត្ថុបុរាណ្យមានភាពល្អ ។
ឯកឧត្ដម ជុច ភឿនបានបញ្ជាក់ថា ការធ្វើកំណាយនេះ គឺជាលើកទី៤ ហើយនៅភូមិមូលជើងឯកនេះ គឺជាភូមិដែលប្រជាជនរស់នៅប្រកបមុខរបបផលិតចាន ឆ្នាំង និងឡដុតឥតជាដើម។


លោក ផុន កសិការ អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតសភាកម្ពុជាបានឲ្យដឹងដែរថា អ្នកបុរាណវិទូជាតិ និងអន្តរជាតិ បានសហការគ្នាធ្វើកំណាយនាពេលនេះ មានចំនួន១១០នាក់ ប្រើរយៈពេលជាង០១ខែ គឺដើម្បីស្វែងរកសម្ភារប្រើបា្រស់ពីសម័យបុរាណ ដែលបានបន្សល់ទុកក្នុងសម័យមុនគ្រឹស្តសករាជ ដែលពីមុនទីតាំងខាងលើនេះ ជាចំណុចកណ្តាលមួយ បានផលិតនូវសម្ភារជាច្រើន ដែលវត្ថុទាំងអស់នេះ គឺជាស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុក។


ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការធ្វើកំណាយនេះ ក្នុងគោលបំណង ដើម្បីប្រមែប្រមូលវត្ថុសិល្បៈទាំងអស់នោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្តជាតិ ដាក់តាំងក្នុងសារមន្ទីរជាតិកម្ពុជា សម្រាប់ទុកបង្ហាញកូនចៅជំនាន់ក្រោយ ឲ្យបានយល់ដឹង និងបានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និងចូលរួមថែការពារឲ្យបានគង់វង្ស។


សូមបញ្ជាក់ថា ការធ្វើកំណាយនៅភូមិមូលជើងឯកនេះ គឺមានផ្ទៃដី៣៦៧២ម៉ែតការ៉េនៅភូមិមូល ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯង ខណ្ឌដង្កោរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង