ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំង

8

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាមួយរយៈកាលកន្លងទៅនេះ ប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំងទៅមុខគួរអោយកត់សម្គាល់ ហើយពួកគេបានកោតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជាយើង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរក្នុងផេកផ្លូវការរបស់សម្ដេចថា ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។
សម្ដេច តេជោ ហ៊ុន សែនបានបន្តថាអ្វីដែលយើងអាចធ្វើបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិភាពនយោបាយ និងសង្គម ជាមួយនឹងលំនឹងនៃកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទាំងអស់នេះហើយដែលបានធ្វើអោយដៃគូ ពាណិជ្ជករ វិនិយោគគិន និងសហគមន៍អន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់កម្ពុជា។
សម្ដេច តេជោ បានអរគុណបងប្អូនជនរួមជាតិ និងគណបក្សនយោយាបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង