អាជ្ញាធរខេត្តកំពង់ធំអះអាងថា ការតភ្ជាប់ផ្លូវពីកំពង់ធំទៅក្រចេះ នឹងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ចនិងវិស័យទេសចរណ៍កាន់តែទាក់ទាញ

42

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖


អាជ្ញាធរខេត្តកំពង់ធំបានអះអាងថា គម្រោងតភ្ជាប់ផ្លូវពីខេត្តកំពង់ធំទៅកាន់ខេត្តក្រចេះ នឹងជួយដល់ការលើកកម្ពស់វិស័យសេដ្ឋកិច្ចទេសចរណ៍នៅក្នុងតំបន់នេះកាន់តែមានភាពទាក់ទាញ ខណៈបច្ចុប្បន្នការធ្វើដំណើរ ពីខេត្តកំពង់ធំទៅក្រចេះ ត្រូវចំណាយពេលយូក្នុងការធ្វើដំណើរ ដែលធ្វើឲ្យប្រជាពលរដ្ឋមានធុញទ្រាន់។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅរយះពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងតភ្ជាប់ផ្លូវពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ ដើម្បីធ្វើឲ្យមានភាពងាយស្រួលសំរាប់ខេត្តទាំងពី ក៏ដូចជាខេត្តនានា ធ្វើដំណើរឆ្លងកាត់សំរាប់ដឹកកសិផល ក៏ដូចជាវិស័យទេសចរណ៍ ដែលខេត្តទាំងពីមានតំបន់ទេសចរណ៍ជាច្រើន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។ ឯកឧត្តមអភិបាលខេត្តបានអះអាងថា គម្រោងសាងសង់ផ្លូវថ្មីសម្រាប់តភ្ជាប់ខេត្តទំាង២នេះ បានសិក្សារួចរាល់ហើយរង់ចាំដែលការបើកការដ្ឋានស្ថាបនាប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាពន្លឿនការស្ថាបនាផ្លូវនេះដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
ការតភ្ជាប់ផ្លូវពីកំពង់ធំទៅក្រចេះនេះ គឺរឹតតែផ្ដល់ភាពងាយស្រួលដល់ខេត្តកំពង់ធំ ក៏ដូចជាខេត្តនានាដើម្បីប្រើប្រាស់ផ្លូវនេះ អាចធ្វើដំណើរបានដោយងាយស្រួល ដឹកផលិតផលកសិផលកាន់តែស្រួល ហើយនៅពេលមានផ្លូវគឺមានភាពងាយស្រួល ហើយការចំណាយ ថវិការក៏តិច ការធ្វើដំណើរបានលឿន ទៅមន្ទីពេទ្យក៏លឿន លក់ផលិតផលកសិផលក៏បានតម្លៃខ្ពស់ ហើយចំណាយថ្លៃដើមតិច មិនតែប៉ុណ្ណោះវាជួយបានច្រើន រវាងខេត្តទាំងពីរ ដោយខេត្តក្រចេះមានវិស័យទេសចរណ៍សត្វផ្សោតនិងតំបន់ផ្សេងៗជាច្រើនទៀត ហើយខេត្តកំពង់ធំក៏មាន ខាងវិស័យទេសចរណ៍ផ្នែកវប្បធម៌ និងប្រាសាទសំបូរព្រៃគុក និងកន្លែងកម្សាន្តជាច្រើន អញ្ចឹងទេការងារតភ្ជាប់ផ្លូវនេះ ប្រាកដហើយថាបងប្អូនពីក្រចេះមកលេងប្រាសាទសំបូរព្រៃគុក ឬក៏អាចឈានទៅលេងខេត្តសៀមរាមបានទៀត ក៏ងាយស្រួលហើយជិត ហើយយើងប្រាកដថាខេត្តកំពង់ធំ ប្រាកដជាអាចទទួលបងប្អូនទេសចរជាច្រើន ដែលមកពីបណ្ដាខេត្តនានា ដែលធ្វើដំណើរតាមផ្លូវនេះ ដែលនឹងផ្តល់សក្តានុពលនៃវិស័យទេសចរណ៍ ខេត្តកំពង់ធំកាន់តែរីកចំរើនបានមួយកំរិតទៀត។
ចំណែកលោកចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងដែរថាគម្រោងសា្ថបនាផ្លូវថ្មីមួយខ្សែនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងវិស័យទេសចរណ៍ នឹងអាចរកប្រាប់ចំណូលកាន់ច្រើន។
រាជរដ្ឋាភិបាលគ្រោងតភ្ជាប់ផ្លូវពីកំពង់ធំមកខេត្តក្រចេះនេះគឺធ្វើអោយការធ្វើដំណើរកាន់តែរួញពេលខ្លី បើអញ្ចឹងទេ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចង់មកកាន់កម្សាន្តនៅតំបន់ភូមិភាគឦសានក្នុងនោះមានខេត្តក្រចេះស្ទឹងត្រែង មណ្ឌលគិរី រតនគិរីជាដើម បើចឹងអញ្ចឹងការចំណាយក៏ដូចជាការផ្ដោតអារម្មណ៍លើការកម្សាន្ត និងការស្នាក់នៅក្នុងខេត្តក្រចេះ ហើយបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរដោយប្រយាលនិងដោយផ្ទាល់ក្នុងវិស័យទេសចរណ៍នេះនឹងទទួលបានកំណើនសេដ្ឋកិច្ចច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភីបាលបានផ្តោតសំខាន់លើកការកសាងហេដ្ឋានរចនាសម្ព័ន្ធនានាប្រទាក់ក្រឡាគ្នាទៅវិញទៅមកនៅទូទំាងប្រទេស ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ការប្រកបររបរដឹកជញ្ជូនកសិផល និងសំរាប់វិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង