ក្រសួងប្រៃសណីយ៍ត្រៀមរៀបចំពិព័រណ៍ឌីជីថលដ៏ធំជាលើកដំបូងនៅកម្ពុជា

50

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារី រតនៈ​ ៖

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រៀមរៀបចំពិព័រណ៍ឌីជីថលដ៏ធំជាលើកដំបូងនៅកម្ពុជាប្រចាំឆ្នាំ២០១៩ នៅពាក់កណ្តាលខែមីនាខាងមុខនេះដើម្បីបង្ហាញពីសក្តានុពលនៃការរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ព្រមទាំងការទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យកានតែច្រើនឡើងបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា។
ថ្លែងក្នុងពិធីសន្និសីទព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ Digital Cambodia ២០១៩ ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១ របស់កម្ពុជា ដែលមានបំណងបង្កើត Platform ថ្នាក់ជាតិ ដើម្បីបង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា និងបង្ហាញអំពីវឌ្ឍន៍ភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត ផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន ។
ឯកឧត្តមបន្តថា ព្រឹត្តិការនេះក៏បានបញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន។ ជាងនេះទៅទៀតនោះ គឺបានកៀរគរគ្រប់តួរអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន និងបានជំរុញនៅសហគ្រិនភាព ឲ្យចូលរួមអភិវឌ្ឍន៍បណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី ជាមួយសហគ្រាសធុនតូច និងមធ្យម ។
សូមបញ្ចាក់ថា កម្មវិធីពិព័រណ៍ Digital Cambodia ២០១៩នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់កម្មវិធី ហើយមានក្រសួងស្ថាបន័រដ្ឋចំនួន ០៦អង្គភាព មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានស្តង់ទំាងអស់ចំនួន ១៥០ ស្តង់ ៕

អត្ថបទដែលជាប់ទាក់ទង