កម្ពុជាថ្កោលទោសក្រុមហ៊ុនផលិតបង្គន់ ដោយប្រើរូបភាពប្រាសាទខ្មែរហើយទាមទារឲ្យបញ្ឈប់ជាបន្ទាន់

11

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទៀក លឹមជូ

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្កោលទោសដល់ក្រុមហ៊ុនផលិតបង្គន់ដែលបានប្រើរូបភាពប្រាសាទខ្មែរបិទនៅលើគម្រប់បង្គន់និងទ្រាជាន់ជើង ហើយទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់សកម្មភាពប្រើប្រាស់ជាបន្ទាន់ ព្រោះប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។


ឯកឧត្តម ជុំ សុន្ទរី អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិកបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសនឹងស្នើឱ្យក្រុមហ៊ុនAmazonដែលជាក្រុមហ៊ុនបង្កើតទីផ្សារអនឡានអន្តរជាតិឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់ផលិតផលប្រភេទនេះ នៅលើគេហទំព័របស់ខ្លួន។


យោងតាមសេចក្តីប្រកាសរបស់ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកមានភាពតក់ស្លុត និងស្រងាកចិត្តថា រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន្ត ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួនធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។


លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតទំាងនេះបានប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹកកំរាលព្រំនិងបង្គន់ដែលជាទង្វើគួរអោយស្អប់ខ្ពើម។ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុនAmazon នៅលើគេហទំព័រamazon.com និង amazon.fr ។


សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់យ៉ាងដូច្នេះថា ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុនAmazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុនAmazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ថា វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង