សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​អបអរសាទរ​ខួប​ទី​៦៧ ​នៃ​ថ្ងៃកំណើត​បក្ស និង​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត

154

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​បឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​ទី​៦៧ នៃ​ថ្ងៃកំណើត​បក្ស និង​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​។ ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល មន្ត្រី​អង្គទូត​នានា និង​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​៥​ម៉ឺន​នាក់​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន មាន​សេចក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ព្រឹក​នេះ​។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់ ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារ​ភ្ជាប់​រួមសុខទុក្ខ​ជាមួយ ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ សម្តេច​តេ​ជោ​ប្រធាន​គណបក្ស ក៏​បាន​ថ្លែង​ពី​ប្រវត្តិ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រភព​ពី ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​។ ក្នុង​រយៈពេល​ជាង​៣៩​ឆ្នាំ​កន្លង​មកនេះ កម្ពុជា​បាន​ប្រែក្លាយ ពី​វាល​ពិឃាត​នៃ​របប​ប្រល័យ ពូជសាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះ​ផង់ ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិ​ឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្ដិ​ភាវូបនីយកម្ម ប្រទេស​ជាតិ តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ បង្កើត​បាន​សន្ដិភាព​ពេញលេញ នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច ឲ្យ​មាន​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព ផ្សា​ភ្ជាប់​នឹង​ការ​បែងចែក​ធនធាន​ប្រកបដោយ​សមធម៌ និង​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ឲ្យ​បាន​ខ្លាំងក្លា ដោយ​ចាត់​ទុក​វិស័យ​ឯកជន​គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ការងារ ពង្រីក​មុខរបរ​សម្រាប់​ប្រជាជន​។ គណបក្ស​ប្រជាជន​កម្ពុជា ខិតខំ​សម្រេច​គោលដៅ «​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​» ផ្សា​ភ្ជាប់​កា​អប់រំ និង​បណ្តុះបណ្តាល​ជាមួយ​សំណូមពរ​នៃ​ការ​អភិវឌ្ឍ​។

លើកកម្ពស់​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព សមធម៌ និង​និរន្តរភាព​។ ពង្រឹងពង្រីក​សេវា​សង្គមកិច្ច​សម្រាប់​ក្រុម​ជន​ងាយ​រង​គ្រោះ សំដៅ​លើកកម្ពស់​លក្ខខណ្ឌ​នៃ​ការ​រស់នៅ និង​បង្ក​លក្ខណៈ​ឲ្យ​គេ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ចរន្ត​នៃ​ការ​អភិវឌ្ឍ​។ បន្ត​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ ទាំង​ក្នុង​កម្រិត​តំបន់ និង​ទាំង​ក្នុង​កម្រិត​ពិភពលោក ហើយ​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍ​។ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ ប្រទេស​ជិតខាង​ដោយ​សន្តិវិធី ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។ បង្កើន​ការ​ចូលរួម​ដ៏​សកម្ម​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​កិច្ចការ អន្តរជាតិ​ទាំំ​ង​ទ្បា​យ រួម​ទាំង​ការ​ចូលរួម​បេស​សកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​។ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​ការ​ថែរក្សា ការពារ រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ ជា​ពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​សមិទ្ធផល ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​។

ដោយឡែក​ទាក់ទង​នឹង​ពី​ធី​បើក​យុទ្ធនាការ​រក​សំឡេង​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រ​ព្រឹទ្ធ​ទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាង​មុន​នេះ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា យុទ្ធ​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ ដោយ​រលូន ត្រឹមត្រូវ អ​ព្យា​ក្រិត​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​។ សម្រាប់​ការ​ជួបជុំ​របស់​សមាជិក សមាជិការ និង​សកម្មជន​គណបក្ស​នា​ពេល​នេះ ដើម្បី​ចូលរួម​ក្នុង​ការ​ដណ្តើម​យកជ័យ​ជម្នះ ជូន​គណបក្ស​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី ខាង​មុខ ហើយ​សម្តេច​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អញ្ជើញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​។

ចុងបញ្ចប់​នៃ​អង្គពិធី ក៏​មាន​ពិធី​ព្រ​លែង​ព្រាប សន្តិភាព និង​បង្ហោះ​ប៉ោង​ប៉ោង ដើម្បី​អបអរសាទរ ខួប​ទី​៦៧ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០១៨) និង​បន្ទាប់​មក​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សម្ត​ច​ពញា​ចក្រី ហេង សំ​រិ​ន បាន​អញ្ជើញ​ទទួល​បាច់ផ្កា​ពី​មន្ត្រី​អង្គទូត​នានា ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តា​ស្ថាប័ន​នានា​ក្នុង​បរិ​យា​ការ​រីករាយ​ក្រៃ​លែង​។ បន្ទាប់​ពី​បញ្ចប់​ពិធី ផែន​នៃ​ក្បួន​ដង្ហែរ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់ផ្តើម​ហែរ​ចេញពី​កោះ​ពេជ្រ​ទៅ​កាន់​គោលដៅ នៅ​តាម​ខណ្ឌ​នីមួយ​ៗ​យ៉ាង​អធិក​អាធ័ម​បំផុត​៕

អត្ថបទដែលជាប់ទាក់ទង