រាជធានីភ្នំពេញនិងទីក្រុងឡុងប៊ិចចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា

174

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
រដ្ឋបាលរាជធានីភ្នំពេញនិងទីក្រុងឡុងប៊ិច បានសម្រេចចងសម្ព័ន្ធមេត្រីភាពទីក្រុងជាមួយគ្នាហើយ ដើម្បីពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តមបណ្ឌិត រ៉ូប៊ើត ហ្គាសៀ អភិបាលក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានចុះហត្ថលេខារួមគ្នានៅព្រឹកថ្ងៃទី២៨ ខែមករានេះលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណចក្រកម្ពុជា និងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក។


ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចង់សម្ព័ន្ធមេត្រីភាពរវាងទីក្រុងទំាង២នេះ ក្នុងគោលបំណងសំខាន់គឺបង្កើនទំនាក់ទំនងវប្បធម៌ អប់រំ សេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ សុខាភិបាល ធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផ្លាស់ប្តូរដំណើរទស្សនៈកិច្ច និងចែករំលែកភាពរីកចំរើនរវាងគ្នានិងគ្នា ។


ឯកឧត្តម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតទ្វេភាគីជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥០មកម្ល៉េះ រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានអត្រាកំណើនគួរអោយកត់សម្គាល់ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងពី ៣,១៧៣លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៦ រហូតជិត៤ពាន់លានដុល្លា នៅក្នុងឆ្នាំ២០១៨ និងមានការកើនឡើងជាបន្តបន្ទាប់ទៀត ។


សូមបញ្ជាក់ថា រាជធានីភ្នំពេញនិងទីក្រុងឡុងប៊ិច បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានេះ បានធ្វើឡើង ស្របពេលដែលឯកឧត្តមបណ្ឌិត រ៉ូប៊ើត ហ្គាសៀ អភិបាលក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បាននឹងកំពុងបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង