ឯកឧត្ដម ត្រាំ អ៊ីវតឹក ផ្ដល់ចំណេះដឹងល្អៗដល់ ក្រុមនិស្សិត ជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩

130

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ នូវចំណេះដឹងល្អៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការសិក្សានៅក្រៅប្រទេស។


ការណែនាំរបស់ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នេះបានធ្វើឡើងនៅទីស្តីការក្រសួងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ក្នុងឱកាសអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ (New Zealand Scholarship 2019) ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៨រូប (ស្រី១៣រូប)ចូលជួបសម្តែងការគួរសម។


ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ឆ្នាំ២០១៩ នេះនឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់នៅតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសនូវែលហ្សេឡង់ ចុងខែមករា ឆ្នាំ២០១៩ ខាងមុខ ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមនិស្សិតទាំងអស់ត្រូវពាំនាំផ្សព្វផ្សាយបទពិសោធន៍ការងារ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ល្អៗពីប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់សិក្សាពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងច្បាប់ផ្សេងៗរបស់ប្រទេសគេ ពិសេសត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ និងបទបញ្ជាផ្សេងៗរបស់សាកលវិទ្យាល័យដែលកំពុងសិក្សា។
ឯកឧត្តម ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT)នៅកម្ពុជាផងដែរ។ ឯកឧត្ដម ត្រាំ អ៊ីវតឹក បាន ផ្តែផ្តាំអោយប្អូនៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹងពីការសិក្សា ដើម្បីកសាងសមត្ថភាពរបស់ខ្លួនយកមកបម្រើជាតិមាតុភូមិ ស្របតាមជំនាញ និងសក្តានុពលរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង