សង្គមស៊ីវិល និងប្រជាសហគមន៍ចង់ឲ្យមានលំហូរថវិកាកាន់តែច្រើនយកទៅអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន

132

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ភក្តី​ ៖

សង្គមស៊ីវិល និងប្រជាសហគមន៍ ចង់ឲ្យមានលំហូរថវិកាកាន់តែច្រើនយកទៅអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដែលអាចជួយបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដូចជា ការកើនឡើងកំដៅ គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ជាដើម។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបញ្ជ្រាបការបន្ស៊ាំការប្រែប្រួលអាកាសធាតុក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ-សង្កាត់ ដែលធ្វើនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅព្រឹកថ្ងៃទី២៨ ខែមករានេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា ទំហំការងារដែលបានអនុវត្តដោយក្រុមប្រឹក្សាឃុំ-សង្កាត់នៅមានកម្រិត ដោយសារតែសមត្ថភាពធនធានមនុស្ស និងការទទួលបានហិរញ្ញវត្ថុ។

លោកបានបន្តថា គម្រោងនានាដែលអនុវត្តនៅថ្នាក់ឃុំ-សង្កាត់ ជួបការលំបាកដោយសារតែការ សម្រេចចិត្តរបស់អាជ្ញាធរនៅមានកម្រិត ការមិនបានប្រតិបត្តិការដោយស្វ័យភាព កង្វះគណនេយ្យភាព និងការទទួលខុសត្រូវមានកម្រិតទាប។

លោកស្រី ឈឿន សុឌី ប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ ស្រុកវ៉ារិន ខេត្តសៀមរាប ចង់បាននូវថវិកាដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ចាំបាច់របស់សហគមន៍មូលដ្ឋាន ខណៈបញ្ហាគ្រោះមហន្តរាយតែងតែយាយីដល់ផ្នែកសង្គមកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោក វន សាវុធ ទីប្រឹក្សាផែនការថ្នាក់ជាគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជននៅជនបទ នៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានឲ្យដឹងថា ថវិកានៅថ្នាក់ក្រោមជាតិសម្រាប់លើកកម្ពស់ទៅនឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ បាននឹងកំពុង បន្តអនុវត្ត ក្នុងនោះបានរៀបចំផែនការថ្មីរយៈពេល១០ឆ្នាំទៅមុខទៀត។ លោកមានប្រសាសន៍ថា រាល់គម្រោង និងគោលនយោបាយនានា ចាំបាច់ត្រូវការសិក្សា និងពិចារណា មុនដាក់បញ្ចូលនូវវិធានការ ឆ្លើយតបសមស្របចំពោះហានិភ័យនៃការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនភាពធន់ ការបន្ស៊ាំ និងរួមចំណែកដល់ការអភិវឌ្ឍដោយចីរភាព។

អត្ថបទដែលជាប់ទាក់ទង