រដ្ឋបាលខេត្តកំពត ត្រូវការអ្នកជំនាញរ៉ែសម្រាប់កិច្ចការផលិតអំបិល ខណៈបច្ចុប្បន្ននៅពឹងធម្មជាតិឡើយ

72

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ហោ សេងគ្រី

 កំពត៖ រដ្ឋបាលខេត្តកំពត ត្រូវការ ក្រុមអ្នកបច្ចេកទេសជំនាញផ្នែកខាងអំបិលរ៉ែ ដើម្បីទាញយក អំបិលមកប្រើ​ប្រាស់​ជំនួសឱ្យការបូមទឹកសមុទ្រហាលជាច្រើនថ្ងៃដែលបច្ចុប្បន្នផលអំបិល របស់សហគមន៍អ្នក​ផលិតអំបិល​កំពត-កែបពឹងផ្អែកទាំងស្រុង លើកត្តាធម្មជាតិ។

 

 ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូរដ្ឋសភា នៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី៣១ ខែមករា នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការទទួលផលអំបិលរបស់សហគមន៍អ្នកផលិត អំបិលកំពត-កែបនៅពេល​បច្ចុប្បន្នពឹងផ្អែកទាំងស្រុងលើកត្តាធម្មជាតិ។

ប្រសិនបើមានក្រុមអ្នកបច្ចេកទេសជំនាញផ្នែកខាងអំបិលរ៉ែ រដ្ឋបាលខេត្តកំពតស្វាគមន៍និងសហការ ដើម្បី​ទាញយក​អំបិលមកប្រើ​ប្រាស់ជំនួសឱ្យការបូមទឹកសមុទ្រហាលជាច្រើនថ្ងៃនោះ។

 

ឯកឧត្តមបន្តថា ឆ្នាំ២០១៨ កន្លងមក អំបិលដែលផលិតបានមានបរិមាណតិចតួចបំផុត គឺប្រហែលពីបីពាន់​ទៅបួនពាន់តោនប៉ុណ្ណោះ ព្រោះតែធាតុអាកាសមិនអំណោយផល។ អំបិលដែលនៅសេសសល់ពីឆ្នាំមុនៗ​ប្រមាណមួយសែនតោននោះ គឺបានប្រើប្រាស់អស់ទាំងស្រុង រហូតមានការនាំចូលមកពីប្រទេសប្រទេសក្រៅ ព្រោះក្នុងមួយឆ្នាំៗត្រូវការប្រើប្រាស់មួយសែនតោនសម្រាប់ទូទាំងប្រទេស។ ដូច្នេះ បើសិនជាផលិតមិន​បានមួយ​សែនតោននោះការផ្គត់ផ្គង់អំបិលមិនគ្រប់តាមតម្រូវការឡើយ។ ប៉ុន្តែក្នុងករណីធាតុអាកាសល្អ ជាមួយនឹងចំនួន​ស្រែអំបិលដែលមាននៅខេត្តកំពត និងខេត្តកែប ជាងបួនពាន់ហិកតា គឺអាចផលិតបានពីមួយសែន​ប្រាំម៉ឺនតោនទៅមួយ​សែនប្រាំមួយម៉ឺនតោន។

 

ឯកឧត្តម ជាវ តាយ បានបន្តថា តាមការឱ្យដឹងពីសហគមន៍អ្នកផលិត អំបិលគឺរវាងបួនឆ្នាំ​ទៅប្រាំឆ្នាំម្តងតែងមាន​ពីរឆ្នាំដែលមិនអំណោយផល ព្រោះភ្លៀងធ្លាក់ច្រើន៕

អត្ថបទដែលជាប់ទាក់ទង