អជ្ញាធរខេត្តក្រចេះ គ្រោងកែលំអរ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដើម្បីទាញកំណើនភ្ញៀវទេសចរ

79

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ធីណា ឌីណេ

ក្រចេះ៖ អជ្ញាធរខេត្តក្រចេះ គ្រោងកែលំអរ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀត ដើម្បីទាក់ទាញកំណើន​ភ្ញៀវ​ទេសចរ​ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ប្រាប់វិទ្យុជាតិ កម្ពុជាឲ្យដឹងថា តំបន់តំបន់​ទេសចរណ៍​ដែលគ្រោងកែលំអរ និងអភិវឌ្ឍន៍បន្ថែមទៀតនោះមានដូចជា៖ ភ្នំសុពណ៌កាឡី ភ្នំព្រះ កោះខ្ញែរ តំបន់ទឹក​ធ្លាក់​ក្នុងស្រុកសំបូរ ជាដើម ដើម្បីទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សំឡេង៖ មន្ទីរទេសចរណ៍ យើងបានរៀបចំ និងសិក្សានៅតំបន់ទេសចរណ៍នៅស្រុកសំបូរ ក្រៅពីវត្តសសរ១០០ និងសហគមន៍​កោះផ្តៅ។ យើងនៅមានតំបន់កោះខ្ញែរ តំបន់ភូមិកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលតំបន់នេះវានៅឆ្ងាយនៅឡើយនៅក្នុងទឹកចិត្តរបស់ភ្ញៀវទេសចរយើង ហើយតំបន់ថ្មីនេះ គឺមានទឹកធ្លាក់ ធម្មជាតិ ហើយទេសភាពវាស្អាត ខុសភ្លែកជាងតំបន់កោះទ្រុង កោះផ្តៅ ជាដើមនេះ។ ក៏ប៉ុន្តែយើងនិងខិតខំសិក្សារៀបចំថវិកាសំរាប់អភិវឌ្ឍន៍នៅតំបន់ទាំងអស់នោះ ធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិទទួលស្គាល់ និងបានធ្វើដំណើរទៅកំសាន្តនៅពេលដ៏ខ្លីខាងមុខនេះ។

លោក បានបន្តថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់តំបន់ទេសចរណ៍ទាំងនេះ នឹងជួយឲ្យប្រជាពលរដ្ឋ​​អាចរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ ដើម្បីជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ នឹងត្រូវបានពង្រឹងផ្នែកសេវាកម្ម សណ្តាប់ធ្នាប់ និងបញ្ហាអនាម័យ​ឲ្យបានល្អប្រសើរ ដើម្បីជំរុញដល់កំណើនទេសចរជាតិ និងអន្តរជាតិចូល ទៅទស្សនាកម្សាន្តនៅតំបន់​រមណីយដ្ឋានទាំងនោះ។

សូមបញ្ចាក់ថា នៅទូទាំងខេត្តក្រចេះ មានតំបន់រមណីយដ្ឋានសរុបទាំងអស់ចំនួន១៧កន្លែង ក្នុងនោះតំបន់រមណីយ​ដ្ឋានធម្មជាតិ​មានចំនួន៩កន្លែង តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមាន៦កន្លែង និង តំបន់រមណីយដ្ឋានកែច្នៃមាន១កន្លែង។

បើតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជាក់ថា តំបន់រមណីយដ្ឋាន ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលចិត្តទៅ​កម្សាន្តច្រើនជាងគេមានដូចជា៖ តំបន់សហគមន៍កោះទ្រុង សហគមន៍កោះផ្តៅ រមណីយដ្ឋានព្រែកកាំពី វិហារបុរាណរកាកណ្តាល និងវត្តសសរ១០០៕

អត្ថបទដែលជាប់ទាក់ទង