រាជបណ្ឌិត្យសភាកម្ពុជាចាប់ផ្តើមចុះសិក្សាស្រាវជ្រាវពីអត្ថន័យរបស់រូបអប្សារាក្នុងតំបន់អង្គរ

59

វិទ្យុជាតិកម្ពុជា៖ អត្ថបទ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា គ្រោងចុះសិក្សាស្រាវជ្រាវពីក្បូរក្បាច់រចនារូបអប្សារាទំាងអស់ ក្នុងតំបន់អង្គរ ដើម្បីចងក្រងជាឯកសារទុកអោយប្រជាពលរដ្ឋខ្មែរ និងនៅលើពិភពលោកបានស្គាល់ពីតម្លៃវប្បធម៌ខ្មែរ  ខណៈដែលរូបអប្សរាជាផ្នែកមួយដ៏សំខាន់នៅក្នុងចំលាក់នានាលើប្រាសាទ បុរាណខ្មែរ ដែលបង្ហាញពីលក្ខណៈអត្តចរឹករបស់នារីខ្មែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចាប់ផ្តើមចុះ សិក្សាពី ចំលាក់រូប អប្សារាលើជញ្ចំាងប្រាង្គប្រាសាទបុរាណខ្មែរ ចាប់ពីដើមឆ្នាំ២០១៩នេះទៅ ។

 ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ជាជំហានដំបូង ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមសិក្សាពីម៉ូតសក់របស់រូបអប្សារា និងទី២ ក្បាច់រចនាដងខ្លួនរបស់អប្សារាទាំងអស់ រួមទំាងប្រភេទនៃទំរងលក្ខណៈរូបអប្សារានៅលើជញ្ចាំងប្រាសាទនីមួយៗ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា នៅពេលខាងមុខក្រោយពីចងក្រងឯកសាររួចហើយ រាជបណ្ឌិតសភាកម្ពុជានិងស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល  ឆ្លាក់រូបអប្សារាទំាងនោះ ទៅតាមលំនាំ ដើមរបស់រូបនីមួយៗ រួចហើយយកទៅដាក់នៅក្នុងសារៈមន្ទីរ រួមជាមួយនឹងការពន្យល់ពីរូបភាពទំាងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបានដឹងពីអត្ថន័យនៃរូប អប្សារាទំាងនោះ។

សូមបញ្ចាក់ថា គម្រោងសិក្សាពីម៉ូតសក់និងដងខ្លួនរបស់អប្សារានៅក្នុងតំបន់អង្គរគ្រោងចំណាយ ថវិកាជាង២រយលានរៀល ដែលជាកញ្ចប់ថវិកាជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង