កម្ពុជា-ចិនជំរុញឲ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

93

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកជួន បូណា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិនរួមគ្នាជំរុញឲ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ និងទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅថែមទៀតដើម្បីបង្កើនទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំយូអង្វែង។

ថ្លែងក្នុងពិធីអបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូងកាលពីរសៀលថ្ងៃទី៣០ខែមករា នៅសាលចតុម្មុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោណាំ ហុង មានប្រសាសន៍ថា ការជំរុញឲ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ និងទេសចរណ៍នេះធ្វើឡើងតាមរយៈការរៀបចំទិវា ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាលើកដំបូង និងធ្វើឡើនៅឆ្នាំខាងមុខៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការរៀបចំទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូងនេះ នឹងទាក់ទាញនូវកំណើនទេសចរ និងការវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុន និងការធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ខណៈដែលភ្ញៀវទេសចរចិនបានក្លាយជាប្រភពទីផ្សារទេសចរណ៍ឈានមុខគេរបស់កម្ពុជា។

ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងទេសចរណ៌នៃសាធារណៈរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាឱកាសល្អ បង្កើនផ្លាសប្ដូរវិស័យវប្បធម៌ ពង្រីកការផ្លាស់ប្ដូរមនុស្ស និងមនុស្សរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ ជាពិសេស ជំរុញការយោគយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមកទាំងផ្នែកអរិយធម៌ និងសង្គមកាន់តែរឹងមាំ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសារលិខិត អបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូង»។

សម្តេចបានចាត់ទុក ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបការជិតស្និទ្ធ កំពុងរីកចម្រើនលើវិស័យនានាជាច្រើន។

ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ច ដ៏មមាញឹកគ្រប់ជាន់ថ្នាក់ ក្នុងបណ្តាឆ្នាំថ្មីៗនេះ រួមមាន កិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញ, វេទិកាទេសចរណ៍កំពូលលើកដំបូងកម្ពុជា-ចិន និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦០ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកាលពីឆ្នាំ២០១៨ ពិសេសដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចទៅកាន់រដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗនេះ បានពង្រឹងឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត នូវស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព រវាងប្រជាជាតិទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង