លៀសនិងខ្ចៅមានវត្តមានជាថ្មី ក្នុងបឹងធំ ស្រុកកំពង់សៀម

9

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ហោ សេងគ្រី

កំពង់ចាម: បន្ទាប់ពីប្រមូលផលស្រូវវស្សារួចរាល់ ប្រជាពលរដ្ឋជាង៣០ គ្រួសារ នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់យករបររាវលៀស, ខ្ចៅ និងសត្វគ្រំចំពុះទា ក្រោយពីពពួកសត្វប្រភេទនេះ អវត្តមានច្រើនឆ្នាំ នៅក្នុងបឹងធម្មជាតិល្បីឈ្មោះមួយនេះ។
អ្នកស្រី អ៊ាន់ ស្រីម៉ៅ ជាគ្រួសារអ្នករាវលៀសម្នាក់ ក្នុងចំណោមគ្រួសារខាងលើបានបញ្ជាក់ថា ស្វាមី និងកូនរបស់អ្នកស្រីបានងើបពីដំណេកម៉ោង ៣ទាបភ្លឺ ដើម្បីជិះទូកទៅប្រើឧបករណ៍អូសយកលៀស , ខ្ចៅ និងចំពុះទា ទាំងរស់ និងទាំងស្អុយងាប់ យកមករើសចម្រាញ់នៅកំពង់ទឹកយកពួកវាដែលនៅរស់ ទុកសម្រាប់លក់ និងសម្បកងាប់ចាក់ចោល។
អ្នកស្រីបន្តថា តម្លៃខ្ចៅបឹង គូថស្រួច មួយ ធុងប៉េត្រូល ២៥.០០០ រៀល, លៀសមួយកំប៉ុង ១.២០០ រៀល និងគ្រំចំពុះទាស្ងោររើសយកតែសាច់មួយគីឡូក្រាម ៨.០០០ រៀល។ សម្រាប់គ្រួសារអ្នកស្រីជាទូទៅក្នុងមួយថ្ងៃ រកចំណូលបានពីមុខរបរមួយនេះពី ៤ម៉ឺន ទៅ៥ម៉ឺនរៀល និងមានគ្រួសារខ្លះពូកែរក ឈានដល់ ៧ម៉ឺនរៀល។
អ្នកស្រី ស្រី ម៉ៅ បានបន្ថែមថា លៀស, ខ្ចៅ និងគ្រំចំពុះទា បានបាត់ខ្លួនដោយមិនដឹងមូលហេតុរយ:ពេលប្រហែលបួនឆ្នាំ គឺអ្នកភូមិក្តីបឹងជាង ៣០ គ្រួសារក៏អាក់ខានរកមុខរបរនេះដែរ ។ កាលនោះអូសឧបករណ៍តម្លៃជិត១០ម៉ឺនរៀល មួយគ្រឿងលើកឡើងម្តង គឺសុទ្ធតែសម្បកស្អុយគ្មានពពួកសត្វខាងនេះនៅរស់ទេ។ ប៉ុន្តែឆ្នាំនេះឃើញមានវត្តមានសត្វឈាមសទាំងបីប្រភេទនេះរស់ឡើងវិញ បើនៅមិនទាន់សម្បូរ ដូចកាលពីជំនាន់ឪពុកម្តាយអ្នកស្រីនៅរកមុខរបរនេះក៏ដោយ ក៏ធ្វើឲ្យពួកគាត់សប្បាយចិត្តមានមុខរបរ និងចំណូលប្រចាំថ្ងៃ គឺគ្រាន់អាចជួយដោះបន្ទុកជីវភាពក្នុងគ្រួសារ ដែលស្រូវរដូវវស្សាកន្លងទៅជួបភាពរាំងស្ងួតនោះ ។
លោក ជួង ស្រ៊ីន មេឃុំវិហារធំបានឲ្យដឹងថា ពិតជាអវត្តមានសត្វលៀស ,ខ្ចៅ ,គ្រំ និងគ្រំចំពុះទាមែន នៅប៉ុន្មានឆ្នាំ ពិសេស គឺបាត់ខ្លួនប្រភេទត្រីធំៗ តែម្តងគឺដោយសារតែបទល្មើសនេសាទឆក់ត្រជាក់ប្រព្រឹត្តនៅពេលយប់។ ប៉ុន្តែឆ្នាំ២០១៩នេះ បានប្រទះឃើញប្រជាពលរដ្ឋដឹកតាមម៉ូតូ នូវសត្វខាងលើបានច្រើនរាប់បេ យកទៅលក់ ។លោកបានបន្ថែមថា នៅក្នុងឃុំវិហារធំនេះ មានប្រជាពលរដ្ឋ ជាអ្នកនេសាទមានចំនួន ប្រាំ ភូមិ គឺភូមិក្តីបឹង, ភូមិគងមហា ,ភូមិគោកទទា ,ភូមិប្រាសាទវិហារ និងភូមិពង្រ។ ក្នុងនោះភូមិនីមួយៗ មានទូកនេសាទរាប់រយគ្រឿង។
សូមបញ្ជាក់ថា បឹងធំជាបឹងធម្មជាតិមួយ លាតសន្ធឹងលើភូមិសាស្រ្តស្រុកកំពង់សៀម , ស្រុកព្រៃឈរ និងស្រុកកងមាស៕

អត្ថបទដែលជាប់ទាក់ទង