ក្រសួងព័ត៌មានបានអះអាងថា ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានកំពុងដំណើរការទៅមុខយ៉ាងរលូន

81

វិទ្យុជាតិ កម្ពុជា៖ ដោយលោក ហុក សុខរិន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានអះអាងថា ក្រសួងកំពុងរៀបចំនីតិធីនៃការតាក់តែងសេចក្តីព្រាង​ច្បាប់ស្តីពី​សិទ្ធិ​ទទួលបានព័ត៌មាន បានដំណើរការយ៉ាងរលូនទៅមុខ ដោយគ្រោងនឹងបញ្ជូនទៅកាន់​ទីស្តីការគណៈ​រដ្ឋមន្រ្តីនាពេល​ឆាប់ៗ​។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់វិទ្យុជាតិកម្ពុជានៅរសៀល ថ្ងៃទី ១១ ខែកុម្ភៈនេះថា នៅពេល​ដ៏ខ្លីខាងមុខនេះ ក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាទៅ​លើសេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួលបានព័ត៌មានបន្ថែមទៀត ដើម្បីអោយសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងបញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។

ការបង្ហាញរបស់ឯកឧត្តមមាស សភ័ណ្ឌនាពេលនេះ គឺឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិល មួយចំនួនបានស្នើទៅ​ស្ថាប័នរដ្ឋធំៗចំនួន៤ឲ្យជួយពន្លឿនអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។

ឯកឧត្តមបានបញញជាក់ថា ក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សារវាងសង្គមស៊ីវិល សាធារណជន និងក្រុមបច្ចេកទេស​រួចហើយ ដោយកំពុងបន្តនីតិវិធីឲ្យមានការជជែកពិភាក្សា ជាអន្តរក្រសួងបន្តទៀត ក្នុងពេលឆាប់ៗខាងមុខ។ ឯឧត្តមបន្តថា ក្នុងនាមជាក្រសួងសាមី គឺបានប្តេជ្ញា ក្នុងការសម្រេចឲ្យបាននូវច្បាប់មួយ ដែលអាចទទួលបានទំាង​អស់គ្នា។
សម្លេង៖ «ទោះបីមិនមានការជំរុញពីអង្គការសង្គមស៊ីវិល ក៏ក្រសួងព័ត៌មាននៅតែបន្តដំណើរការនៃការ​រៀបចំតាក់តែង​សេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាននេះផងដែរ។ ខ្ញុំគិតថា នេះគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់នៅក្នុងការ​បញ្ចេញទស្សនៈយោបល់ ប៉ុន្តែដំណើរការនៃការតាក់តែង សេចក្តីព្រាងច្បាប់នេះក្រសួងកំពុងតែបន្តដំណើរ​ការរបស់ខ្លួនដែលមានចែងក្នុងច្បាប់ និងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភីបាល។ កាលពីពេលថ្មីនេះមានអង្គការ និងសមាគមចំនួន ១៩ បានស្នើឲ្យស្ថាប័នរដ្ឋចំនួន ៤ ឲ្យពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិ​ទទួល​បាន​ព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈដែលសេចក្តីច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សាជាអន្តរក្រសួងបន្តទៀត។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមាន៩ជំពូក និងនិង៣៨មាត្រាដោយ ត្រូវបានរៀបចំ​តាក់តែង​ឡើង កាលពីឆ្នាំ២០១៤៕

អត្ថបទដែលជាប់ទាក់ទង