អ្នកជំនាញថៃជួយពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាពីរបៀបព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

60

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជំនាញរបស់ប្រទេសថៃបានចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាពីរបៀបព្យា បាលស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀនដើម្បីយកមកព្យាបាល និងអប់រំអ្នកញៀនថ្នាំញៀននៅកម្ពុជាឲ្យកាន់ តែមានប្រសិទ្ធិ ភាព។

លោក លឹម​ តុងហួត​ ប្រធាននាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និងស្តានីតិសម្បទា​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ​ មន្រ្តីទទួលការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់កម្ពុជា ចំនួន ២០រូបបានទៅចូលរួមសិក្ខាសាលាទ្វេភាគីកម្ពុជា-ថៃ​ ស្តីពីការព្យាបាល​ និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន​ ចាប់ីថ្ងៃ​ទី១១ដល់ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩​  នៅខេត្តស៊ី​សាកេត​ ប្រទេសថៃ​។

លោក លឹម​ តុងហួត៖ «ថៃគាត់បណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាចំនួន២០រូប មានសមាសភាពមកពីអគ្គលេខាធិការ ដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកពីក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច និងអតីតយុវនីតិសម្បទា ដែល ទទួលបន្ទុកព្យាបាលអ្នកញឿនគ្រឿងញៀន ហើយនឹងមណ្ឌលបណ្តោះអាសន្តព្យាបាល ស្តានីតិសម្បទាអ្នកញៀន គ្រឿង ញៀន »

លោកវេជ្ជបណ្ឌិត សារ៉ាយុទ្ធ​ ប៊ុនចៃផានិចវឌ្ឍនា​ ​ប្រធានវិទ្យាស្ថានជាតិព្យាបាលអ្នកញៀនគ្រឿងញៀនរបស់ម្ចាស់ ស្ត្រីថៃ បានស្វាគមន៍​យ៉ាងកក់ក្តៅចំពោះសិក្ខាកាមមកពីកម្ពុជាទាំងអស់​ និងបានលើកសសើរដល់កិច្ចខិតខំរបស់ភាគីកម្ពុជា លើការងារព្យាបាលស្តារនីតិ       សម្បទាអ្នកញៀនគ្រឿងញៀន​ ក៏ដូចជាការទប់ស្កាត់​ បង្រ្កាបបទល្មើសគ្រឿងញៀន ថែរក្សាបាននូវសន្តិសុខ​ជូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ​  ខណៈឥទ្ធិពល គ្រឿង ញៀន បានបង្កនូវផលប៉ះពាល់ដល់សុខភាព និងជីវភាពប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឈ សង្គម​ ។

លោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ ជ័​យ​ បុប្ផា​ ​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និងជាប្រធានដឹកនាំ​សិក្ខាកាមកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក្រសួងសុខភាពសាធារណៈថៃ​ ដែលបាន ផ្តល់នូវកិច្ចសហប្រតិបត្តិការល្អគាំទ្រជាបន្តបន្ទាប់ទាំងលើផ្នែកពង្រឹងសមត្ថភាពសម្ភារៈ បច្ចេកទេស ក៏ដូចជាថវិកាដែល​ធ្វើ ឱ្យការងារត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជាមានការប្រែប្រួលជាវិជ្ជមាន។

សូមបញ្ជាក់ថា ឆ្នាំ២០១៨កន្លងមកនេះ កម្ពុជារកឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន ប្រមាណជាង២ម៉ឺននាក់​កើនឡើង បើធៀបនឹងឆ្នាំ២០១៧​ដោយហេតុថាកម្ពុជាបានរកឃើញអ្នកញៀនគ្រឿងញៀនដែលលាក់ខ្លួនពីសមត្ថកិច្ច ហើយ ស្ម័គ្រចិត្តទៅទទួលយកសេវាព្យា​បាល​នៅតាមមណ្ឌលបណ្តោះអាសន្ន និងមូលដ្ឋានសុខាភិបាលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង