ក្រសួងទេសចរណ៍បង្ហាញថាខេត្តព្រះសីហនុនៅឆ្នាំ២០១៩មានបន្ទប់ស្នាក់នៅជិត១ម៉ឺនបន្ទប់ដើម្បីទទួលភ្ញៀវ

28

វិទ្យុជាតិកម្ពុជា អត្ថបទ៖ដោយលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថា ខេត្តព្រះសីហនុមានសំណង់ផ្ទះស្នាក់ និងសណ្ឋាគារលំដាប់​ផ្កាយ​ជាច្រើន​កំពុង​សាងសង់ ហើយមានជិតមួយម៉ឺនបន្ទប់ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវជាថ្មីឲ្យ​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលេងខេត្តព្រះស៊ីហនុឲ្យច្រើនដូចមុន ខណៈអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ​បានរៀប​ចំសណ្តាប់ធ្នាប់ និងបរិស្ថានឆ្នេសមុទ្របានល្អប្រសើរ។

ឯកឧត្តមបន្តថា នៅឆ្នាំ២០១៩នេះ ការដ្ឋានសំណង់សណ្ឋាគារធំៗជាច្រើនត្រូវបានបញ្ចប់ការសាងសង់ នឹងបានបង្កើត​បន្ទប់​​ស្នាក់នៅសម្រាប់ភ្ញៀវទេសចរមានប្រមាណជិត១ម៉ឺនបន្ទប់ ខណៈឆ្នាំ២០១៨ បន្ទប់ស្នាក់សណ្ឋាគារមានប្រមាណជិត៣០០០បន្ទប់ ហើយបន្ទប់ផ្ទះសំណាក់ជាច្រើនត្រូវបានគេជួលទុកសម្រាប់ធ្វើអាជីវកម្មផ្សេងទៀត។

ឯកឧត្តមបន្តថា ក្រសួងពាក់ព័ន្ធ កំពុងខិតខំរៀបចំខេត្តព្រះសីហនុអោយបានល្អឡើងវិញ ដូចជា បញ្ហាសន្តិសុខ សណ្តាប់​ធ្នាប់ ចរាចរណ៍ បញ្ហាគ្រប់គ្រងនិងទប់ស្កាត់បង្ហូរទឹកកខ្វក់ចូលទៅសមុទ្រ ខិតខំសំអាតឆ្នេរ គ្រប់គ្រងសំរាម ស្លាកយីហោ​អាជីវកម្ម រៀបចំការលក់ដូរផ្តល់សេវាល្អ សំដៅធ្វើយ៉ាងណាអោយខេត្តព្រះសីហនុក្លាយជាខេត្តគោលដៅ​ទាក់ទាញភ្ញៀវ​ទេសចរធំបំផុត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងមកនេះ ខេត្តព្រះសីហនុមានភ្ញៀវជាតិជាង១លាននាក់ ភ្ញៀវអន្តរជាតិមានប្រមាណ៧០ម៉ឺននាក់ ក្នុងនោះភ្ញៀវចិនមាន២ម៉ឺននាក់ស្មើនឹងជិត៣០ភាគរយនៃភ្ញៀវអន្តរជាតិដែលទៅកំសាន្តនៅខេត្តនោះ ហើយ​ក្រៅ​ពីនេះ គឺជាភ្ញៀវមកពីប្រទេសថៃ វៀតណាម សហរដ្ឋអាមេរិច បារាំងអូស្ត្រាលី និងភ្ញៀវបណ្តាប្រទេសមួយ​ទៀតនៅ​អឺរ៉ុប​ខាង​កើន៕

អត្ថបទដែលជាប់ទាក់ទង