ជួយ​សង្គ្រោះ​ក្មេង​ប្រុស​៦​នាក់ ចេញពី​ក្នុង​រូងភ្នំ​ថា​ម​ហ្លួង​បាន​ហើយ

94

ប្រទេស​ថៃ ៖ នៅ​យប់​ថ្ងៃអាទិត្យ ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​ចេញពី សារព័ត៌មាន ក្នុងស្រុក​របស់​ប្រទេស​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​យ៉ាងតិច​០៦​នាក់ ក្នុង​ចំណោម​១២​នាក់ ដែល​ជាប់​ក្នុង​រូងភ្នំ​លិច​ទឹក នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ជាមួយ​គ្រូបង្វឹក​ម្នាក់​របស់​ពួក​គេ អស់​រយៈពេល​ប្រមាណ​១៥​យប់​កន្លង​មកនេះ ទីបំផុត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​មក​ខាងក្រៅ​វិញ ដោយ​សុវត្ថិភាព​ជា​បណ្តើរ​ៗ​ហើយ​។

អ្នក​ដែល​ចេញ​មក​ដល់​ក្រៅ​មុន ក្នុង​ចំណោម​០៦​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ទៅ​កាន់​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ ពី​តំបន់​រូងភ្នំ​ថា​ម​ហ្លួង​។ មក​ទល់​ពេល​នេះ ក្មេង​ប្រុស​ទាំង​០៦​នាក់ បាន​ចេញ​មក​ដល់​ក្រៅ​រូងភ្នំ តាំងពី​ប៉ុន្មាន​ម៉ោង​មុន​ម្តងម្នាក់​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ អាជ្ញាធរ​បាន​សម្រេច​ចាប់ផ្តើម​ការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​១៣​នាក់ ដែល​បាន​ជាប់​ក្នុង​រូងភ្នំ​ថា​ម​ហ្លួង​នៃ​ស្រុក​ម៉ែ​សៃ ក្នុង​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស តាំងពី​ថ្ងៃ​ទី​២៣ ខែមិថុនា​មក ហើយ​ទើបតែ​ត្រូវ​បាន​រក​ឃើញ​កាលពីដើម​ខែកក្កដា​នេះ ឲ្យ​ចេញ​មក​ខាងក្រៅ​វិញ តាម​រយៈ​ការ​បញ្ជូន​ក្រុម​អ្នកជំនាញ​មុជទឹក ដើម្បី​ជួយ​អមដំណើរ​ពួក​គេ​។ ពី​ដំបូង​ឡើយ​អាជ្ញាធរ​ថៃ បាន​រំពឹង​ថា ទម្រាំ​តែ​អ្នក​ដំបូង​គេ​ចេញ​មក​ដល់​ខាងក្រៅ​គឺ​រហូត​ទាល់តែ​ម៉ោង​០៩​យប់​នេះ​ឯណោះ។

ប៉ុន្តែ​ក្មេង​ពីរ​នាក់​ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញ​ផុត​ពី​រូងភ្នំ​ដំបូង​គេ គឺ​កាល​ម៉ោង​ខ្ទង់​៦​យប់​នេះ ពោល​គឺ​០៣​ម៉ោង​មុន​ការ​រំពឹង​ទុក​។ រីឯ​ក្មេង​០៦​នាក់​ទៀត ព្រមទាំង​គ្រូបង្វឹក ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​មក​ដល់​ខាងក្រៅ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង