ក្រសួងទេសចរណ៍លើកទឹកចិត្តអោយមានការដាក់តាំងពិព័រណ៍កក្អមឆ្នាំងនៅបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងខាងមុខ

95

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញអោយអាជ្ញាធរខេត្តនិងសិប្បករ នាំយកក្អមឆ្នាំងដាក់តាំង​ពិព័រណ៍ក្នុងបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងខាងមុខនេះដើម្បីបង្ហាញពីអត្ថសញ្ញាណប្រពៃណីរបស់ខេត្តកំពង់ឆ្នាំងទៅកាន់ភ្ញៀវទេសចរ។

ឯកឧត្តម បញ្ជាក់ថា ផលិតផលក្អមឆ្នាំងជាអត្តសញ្ញាណដ៏សំខាន់របស់ខេត្តកំពង់ឆ្នាំង ហើយវាជាការលើកស្ទួយវិស័យ​ដល់សិប្បកម្មក្អមឆ្នាំងរបស់សហគមន៍ក្អមឆ្នាំងដែលបាននៅបន្តប្រពៃណីនេះតាំងពីដើមរហួតមក។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥នៅសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមថោង ខុនបានណែនាំទៅកាន់អនុគណៈកម្មការ ត្រូវផ្ដល់ស្ដង់ពិព័រណ៍ដល់ពួកគេចំនួន ៣ស្ដង់ ដើម្បីឱ្យការតាំងបង្ហាញធំទូលាយព្រោះនៅក្នុងបុណ្យទន្លេឆ្នាំនេះ ។

ពិធីបុណ្យទន្លេលើកទី៥នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» នាថ្ងៃទី១៥ ១៦ ១៧ខែមីនាឆ្នាំ២០១៩អធិបតីភាពពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕

អត្ថបទដែលជាប់ទាក់ទង