មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ

318

ខេត្តរតនគិរី ៖ ប្រភព​ពី​មន្ត្រី​អង្គរ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ឈ្មួញ​ជនជាតិ​ខ្មែរ និង​ឈ្មួញ​ជនជាតិ​វៀតណាម​ច្រើន​នាក់​សម្រុក​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រី​ក្រោម​ឱវាទ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុ​ង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម មិន​គួរ​បើកដៃ​ឲ្យ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​តទៅ​ទៀត​នោះ​ទេ​។

ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី បាន​លើក​ឡើង​ថា ការ​ដែល​លោក កែប កត់ ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជនជាតិ​ខ្មែរ និង​ឈ្មួញ​ជនជាតិ​យួន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​រយៈពេល​ប្រមាណ​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​ផង​ដែរ​។ ឈ្មួញ​ខ្មែរ​ដែល​សម្រុក​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តរតនគិរី ចេញ​ទៅ​ស្រុក​យួន​មាន​ច្រើន​នាក់​ហើយ​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ គឺ​ឈ្មួញ​ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណា​ក់​ក្បាល​ធំ ព្រមទាំង​បក្ខពួក​ឈ្មោះ ហូ​វ ជី​វ៉ៃ​។

រាល់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញ​ប៉ុន្មាន​នាក់​នេះ​អាច​ទៅ​ដល់​គោលដៅ​ដោយ​ជោគជ័យ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ទៀត​នៅ​ក្នុង​ខេត្តរតនគិរី​។ តាម​ការ​អះអាង​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​លំ​ផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ជាដើម​នៅ​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​ចាត់​ទុក​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន​។

ក្នុង​មួយ​យប់​ៗ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាម​ផ្លូវជាតិ​លេខ​៧៨ ចេញ​ទៅ​ស្រុក​យួន តាម​ក្បួន​រថយន្ត​តូច​ធំ​ទាំង​ខ្សែ​ៗ​ព្រោះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រី​ក្រោម​ឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះ​ហើយ​ទើប​មាន​ឈ្មួញ​យួន​ខ្លះ​ចូល​មក​ទិញ​ឈើ​ដល់​ក្រុង​បាន​លុង ដល់​ស្រុក​លំ​ផាត់ ដល់​ស្រុក​វ៉ើ​ន​សៃ ហើយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​ព្រោះ​មាន​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​៕

ប្រភព ៖ http://www.moneaksekar.com/78828.html/

អត្ថបទដែលជាប់ទាក់ទង