ឧកញ៉ា គង់ ក្រឹ​ង នៅ​តែ​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដដែល

314

ខេត្តក្រចេះ ៖ សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ការ​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ គឺជា​រឿង​ដែល​មិន​អាច​បិទ​បាំង​បាន​ឡើយ​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់​នេះ​នៅ​តែ​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។ សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ការ​បន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មាន​ឈ្មួញ​មួយ​ចំនួន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ទាំងនោះ​យក​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ តែ​ម្តង​។

សូ​ម្បី​តែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ជា​ឧកញ៉ា និង​ជា​ឧត្តមសេនីយ៍​យោធា​កំពុង​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។ ប្រភព​ពី​នាយទាហាន និង​ពល​ទាហាន​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មេ​ឈ្មួញ គង់ ក្រឹ​ង ទទួល​បាន​ឋានៈ​ជា​ឧត្តមសេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា​រួច​មក​គឺ​មេ​ឈ្មួញ​រូប​នេះ​កំពុង​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។ ការ​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង​អាច​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គយ​ចល័ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏​ដូច​ជា​សមត្ថកិច្ច​តាម​ច្រករបៀង និង​ច្រកព្រំដែន​ផង​ដែរ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ និង​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រករបៀង​ដេ​៣(D3) ក្បែរ​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លី ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា ហើយ​ថែម​ទាំង​មាន​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​នៅ​ក្រសួងមហាផ្ទៃ និង​នៅ​ក្រសួងការពារជាតិ​ទៀត​នោះ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែ​ម្តង​។ ប្រភព​ពី​មន្ត្រី​យោធា​នៅ​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​តួនាទី​ជា​មេបញ្ជាការ​រង​វរ​ការពារ​ព្រំដែន​គោក​លេខ​២០៤ ចំណុះ​កងពលតូច​លេខ​២១ យោធភូមិ​ភាគ​ទី​២​កំពុង​តែ​ប្រើ​ស្បែក​ជា​មន្ត្រី​យោធា​ដើម្បី​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។

សូ​ម្បី​តែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុ​ភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង ហើយ​សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខាងក្រោយ​ជាប់​បន្ទាយ​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​២០៤​តែ​ម្តង​។ មាន​ឈ្មួញ​មួយ​ចំនួន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​តូច និង​ម៉ូតូ​ពី​តំបន់​ផ្សេង​ៗ​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី យក​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​ឃ្លាំង​ស្តុក​ឈើ​នៅ​ជាប់​ខាងក្រោយ​បន្ទាយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤​តែ​ម្តង​ដោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​។

នៅ​ពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣ និង​ច្រក​ត្រពាំង​ស្រែ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ សូ​ម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​បំពេញបេសកកម្ម​ក្នុង​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នោះ​ដែរ​ហើយ​បែរជា​ជួយ​បិទ​បាំង​ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​អ្វី​ទាំងអស់​៕ ប្រភព ៖ http://www.moneaksekar.com/78901.html/

អត្ថបទដែលជាប់ទាក់ទង