ល្ខោនខោល និងល្ខោនបាសាក់របស់កម្ពុជា មានវត្តមានក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា

19

វិទ្យុជាតិកម្ពុជា៖  ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖  ល្ខោនខោល និងល្ខោនបាសាក់ ព្រមទាំងសិល្បៈវប្បធម៌របស់កម្ពុជាជាច្រើនទម្រង់ផ្សេងទៀត  បានចូលរួម​សម្តែង​ក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី៨ ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី២១ ដល់ទី ២៤ ខែកុម្ភៈនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំព្រះនៅកម្ពុជា បានបញ្ជាក់ថា ល្ខោនបាសាក់ ល្ខោនខោលវត្តស្វាយ​អណ្តែត និងល្ខោនបាសាក់រឿងព្រះស៊ីសុវណ្ណ របាំប្រពៃណីខ្មែរ ក្បាច់គុនល្បុកត្តោ ការស្លៀកក្បិនខ្មែរ ត្រូវបានបង្ហាញ​ឈុតសម្តែងពិសេស ជាមួយនឹងការសម្តែងរបាំបែបប្រពៃណី និងកីឡារបស់ជនជាតិជប៉ុនដូចជា កីឡាការ៉ាតេដូ អៃគីដូ ខេនដូ ជាដើម។

អញ្ជើញក្នុងពិធីបើកសម្ពោធមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០១៩នេះ កាលពីរាត្រីថ្ងៃទី២១ ខែកុម្ភៈ មានវត្តមាន៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានឲ្យដឹងថា ការសម្តែងសិល្បៈរួមគ្នារវាងជប៉ុន និងកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ប្រធានបទក្នុងឆ្នាំនេះគឺ « Experience Together » ។ ក្រោមប្រធានបទនេះ ប្រទេសទាំងពីរនាំយកនូវបទពិសោធន៍ និងសកម្មភាពជាច្រើនទៀតសម្រាប់ចូលរួមជាមួយ។ អ្នកចូលរួមអាចសាកល្បងធ្វើសកម្មភាពទាំងអស់គ្នាជាមួយនឹងក្រុមសិល្បករ និងអ្នករៀបចំដូចជា ការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់ សិក្ខាសាលាស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម៕

អត្ថបទដែលជាប់ទាក់ទង