រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រទេសឥណ្ឌា ពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ នៅចុងឆ្នាំនេះ

34

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើប្រទេសឥណ្ឌា ខិតខំពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយតំបន់ហៅកាត់ថាRCEPនៅត្រឹមចុងឆ្នាំ២០១៩នេះ ទៅតាមការប្តេជ្ញាចិត្តរបស់ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសចូលរួម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកសំណើនេះឡើង នៅក្នុងឱកាសដឹកនាំគណៈ​ប្រតិភូចូលរួម​ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការបង្កើតអនាគត» ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីឧត្តមមន្ត្រីនៃប្រទេស RCEP តំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង ១ពាន់នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្​ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលបានចាប់ផ្តើមចេញពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយទៅ​ជាដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ កំពុងត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដូចជា RCEP ជាដើម។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា«ដើម្បីធានាបានស្ថិរភាពកំណើនសេដ្ឋកិច្ច វាពិតជាមានសារៈសំខាន់ ដែលយើងត្រូវបង្កើន និងជំរុញពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ដែលជួយបង្កើតឱកាសធុរកិច្ច និងវិនិយោគ។
ឯកឧត្តម បន្តថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា សម្រេចបាន ១២៦លានដុល្លារ ខណៈដែលទឹកប្រាក់វិនិយោគ មានប្រហែល ២០លានដុល្លារ» ។

សូមជម្រាបថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា (AIFTA) បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី និងទឹកប្រាក់វិនិយោគផ្ទាល់ (FDI) ពីប្រទេសឥណ្ឌា មកកាន់ប្រទេសអាស៊ាន មានវឌ្ឍនភាពជាលំដាប់។ ជាក់ស្តែង ទឹកប្រាក់វិនិយោគផ្ទាល់ពីឥណ្ឌា មកកាន់អាស៊ាន បានកើនឡើងពី ១ពាន់៤៧០លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១ពាន់៧៣០ លានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្​មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សម្រេចបានទឹកប្រាក់ ៧៣ពាន់៥៩០លានដុល្លារ គឺកើនឡើង ២៥,៥% ធៀបនឹង​ឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥៨ពាន់,៦០០លានដុល្លារ ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង