ព្រះ​មហា​ក្ស​ត្រ និង​សម្តេចម៉ែ ប្រទាន​ថវិកា​១​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

225

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្វេ​សព្វ​ព្រះរាជ ហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ឲ្យ លោក​វេជ្ជបណ្ឌិត ដេ​និ​ស ឡូ​រ៉​ង់ (Denis Laurent) អនុប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ចូល​ក្រាប​បង្គំ​គាល់ និង​ទទួល​តង្វាយ​ជា​ព្រះរាជ​ទ្រព្យ​។

នៅ​ក្នុង​ឱកាស​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន ៥០​ម៉ឺន​ដុល្លារ អា​មេ​រិ​ក និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ៥០​ម៉ឺន​ដុល្លារ ដែល​សរុប ១,០០០,០០០ ដុល្លារ​អា​មេ​រិ​ក ជា​ព្រះ​រាជូបត្ថម្ភ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​បន្ត​កិច្ចការ​មនុស្សធម៌ ជួយ​ព្យាបាល​កុមារ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ដេ​និ​ស ឡូ​រ៉​ង់ ក៏​បាន​ទូល​ថ្វាយ ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ថា ចាប់ពី​ខែមិថុនា មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ចាប់ផ្តើម​សាងសង់ បន្ថែម​នូវ​អគារ​វះកាត់​ថ្មី​មួយ​ក្នុង​បរិ​វ​វេ​ណ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ ដែល​អគារ​វះកាត់​ថ្មី​នេះ​នឹង​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​នៃ​កំណើន​ជំងឺ​វះកាត់​ទូទៅ និង​ផ្នែក​វះកាត់​ឯកទេស ដូច​ជា​ការ​វះកាត់​បេះដូង និង​ការ​វះកាត់​ប្រ​ព​ន្ធ័​ប្រសាទ​ជាដើម ។

ជាមួយ​គ្នា​នេះ​លោក​អនុប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ថ្លែង អំណរ​ព្រះ​គុណ ចំពោះ​ព្រះ​រាជូបត្ថម្ភ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ពី​សំណាក់​ព្រះ​អង្គ​ទាំង​ទ្វេរ ដោយ​ចាត់​ទុក​ថា ថវិកា​មួយ​លាន​ដុល្លា​នេះ នឹង​ចូលរួម​ចំណែក ដ៏​សំខាន់​ក្នុង​ការ​ថែទាំ​ព្យាបាល កុមារ​កម្ពុជា ដែល​មាន​មក​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាប់​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ និង​ធ្វើ​ឲ្យ​មន្ទីរពេទ្យ មួយ​នេះ​ក្លាយជា​ទីកន្លែង​ល្អ​ប្រសើរ​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​គ្រប់​រូប​៕

អត្ថបទដែលជាប់ទាក់ទង