សម្ដេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ ដល់​អតីត​តារាចម្រៀង លោក ចាន់ សម័យ

283

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ ជួយ​ដល់​តារាចម្រៀង លោក ចាន់ សម័យ ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​កសាង​ទីជម្រក​របស់​ខ្លួន​។ បន្ទាប់​ពី​សម្ដេច​បាន​ជ្រួតជ្រាប​នូវ​ដំណឹង​ខ្វះខាត និង​ការ​រស់នៅ​យ៉ាង លំបាក តស៊ូ​ចិញ្ចឹម​កូន​ប្រាំ​នាក់ ក្នុង​បន្ទុកគ្រួសារ និង​រស់នៅ​សម្ងំ​លាក់ខ្លួន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ ពី​សំណាក់​អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ គឺ​លោក ចាន់ សម័យ រួច​មក​។

គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​សាធារណៈជន​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា «​បន្ទាប់​ពី​បាន​ជួយ​សិល្បករ​-​សិល្ប​ការិនី​មួយ​ចំនួន ដែល​កំពុង​មាន​ជម្ងឺ​ដូច​ជា សួ​ស សង​វាចា យូ​ណេ​ស្កូ ជាដើម​។ ថ្ងៃនេះ​ខ្ញុំ​បាន​រួម​ជាមួយ​សប្បុរសជន​ផ្សេង​ទៀត ជួយ​ដល់​លោក ចាន់ សម័យ ដើម្បី​មាន​លទ្ធភាព​ព្យាបាល​ផង និង​កសាង​ជីវភាព​ទៅ​អនាគត​ផង​។ ខ្ញុំ​ពិតជា​មានការ​រីករាយ​ដោយ​ពិនិត្យ ឃើញ​ថា សិល្បករ សិល្ប​ការិនី​យើង​ចេះ​សាមគ្គី​ជួយ​គ្នា ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។

សម្ដេច​តេ​ជោ​បាន​បន្ត​ទៀត​ថា «​ថ្ងៃនេះ​ខ្ញុំ​បាន​ធ្វើបុណ្យ​ជាមួយ លោក ចាន់ សម័យ ចំ​ថ្ងៃ​ខួប​៥​ឆ្នាំ នៃ​មរណៈភាព​ឪពុក​របស់ខ្ញុំ (១២ កក្កដា​២០១៣-១២​កក្កដា​២០១៨) ដែល​សង្ឃឹម​ផល​បុណ្យ​នេះ​នឹង​បាន​ដល់​ឪពុក​ជាទី​គោរព​ស្រឡាញ់​របស់ខ្ញុំ​»​។ យ៉ាងណាមិញ​ពេល​ដឹង​ថា សម្ដេច​តេ​ជោ​ជួយ​ឧបត្ថម្ភ បែប​នេះ តារាចម្រៀង​លោក ចាន់ សម័យ ក៏​បាន​លើក​ម្រាមដៃ​ដប់​ប្រណម្យ គោរព​ថ្លែងអំណរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចំណាយ​ថវិកា ជួយ​រូប​លោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ចាន់ សម័យ គឺជា​តារាចម្រៀង ដែល​ធ្លាប់​ទទួល​បានការ​គាំទ្រ​ខ្លាំង ពី​សំណាក់​ទស្សនិកជន ខណៈ​បទ​ចម្រៀង ជា​ច្រើន​របស់​លោក​ទទួល​បានការ​ពេញ​និយម​ចូល​ចិត្ត ស្ដាប់​គ្រប់​ស្រទាប់​វ័យ​។ ក្រោយ​ពេល​បាត់​មុខ ពី​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ ទើប​លោក​បង្ហាញខ្លួន​ជាមួយនឹង​សភាព​គួរ​ឲ្យ​សង្វេគ គ្មាន​សម្លៀក​បំពាក់​ស្លៀក​គ្រប់គ្រាន់ សូ​ម្បី​តែ​ម្ហូបអាហារ​ហូប​ចុក​ក៏​គ្មាន រហូត​ដល់​ទៅ​ដើរទៅ​ស្ទូចត្រី នៅ​តាម​មាត់ទន្លេ ដើម្បី​ធ្វើ​ជា​ម្ហូបអាហារ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​៕

អត្ថបទដែលជាប់ទាក់ទង